អង្គការ​WCS ប្រលែង​សត្វ​ខ្សឹប១​ក្បាល ទៅ​ក្នុង​ជម្រក​ធម្ម​ជាតិ​វិញ

AKP កំពង់ធំ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨–អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS) បាន​សហការ​ជា​មួយ​មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការអភិរក្សជីវចម្រុះ​ខេត្ត​សៀមរាប (ACCB) និង​ សមាគម​មគ្គុទ្ទេសក៍​សត្វ​ស្លាប (CBGA)បានប្រលែង​សត្វ​ ខ្សឹប ឬ​ក្ងោកទេព ឈ្មោល០១​ក្បាល ចូល​ក្នុង​ជម្រក​ធម្ម​ជាតិ​នៃ​តំបន់​ការពារ​ទេសភាព​ទំនាប​ខាង​ជើង​ទន្លេ​សាប ដែលស្ថិត​នៅ​ក្នុង​ភូមិ​កំពង់វាំង ឃុំប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ វិញ បន្ទាប់​ពីការ​ព្យាបាល​រយៈ​ពេល​​ប្រមាណ​១ ខែ​កន្លង​មក។ នេះបើតាមការ ចេញផ្សាយ របស់អង្គការWCS។

ខ្សឹប ឬ សត្វក្ងោកទេព១ក្បាលនេះត្រូវបានក្មេងៗ​ក្នុង​ភូមិ​បាន​ប្រទះ​ឃើញ​វា​ក្នុង​សភាព ទ្រុឌទ្រោម​នៅ​ក្នុង​ស្រែ​មួយ​ស្ថិត​នៅ​ក្នុង​ឃុំសានគ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំកាល ពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ ។

សត្វ​ក្ងោកទេព​នេះ​ត្រូវ​បាន​បញ្ជូន​​​ទៅ​កាន់​មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការអភិរក្សជីវចម្រុះ (ACCB) ​ដើម្បី​យក​ទៅ​ព្យាបាលទើបយកមកប្រលែង ។

សត្វ​ខ្សឹប ឬ ក្ងោកទេព ជាពពួកសត្វ ដែល ស្ថិត​នៅ​ក្នុង​បញ្ជីក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុតពូជ​បំផុត ខណៈ​ចំនួន​របស់​វា នៅ​លើសាកល​លោក​មាន​តិច​ជាង​៨០០ ​ក្បាល ហើយ កម្ពុជា​គឺជា​ប្រទេស​ដ៏​សំខាន់​បំផុត​នៅ​លើសាកល​លោក​​ដើម្បី​អភិរក្ស​សត្វ​ខ្សឹប​នេះ​កុំ​ឱ្យ​បាត់​បង់ ដែលតាមតួលេខ ​នៅក្នុងឆ្នាំ២០១២ ​ប្រទេស​កម្ពុជា​មាន​ប្រមាណ
​៤៣២​ក្បាល ៕

ដោយ ណយ នឿន(ប្រភព៖WCS)