ប្រទេសកូរ៉េខាងជើង នឹងបញ្ជូនអដ្ឋិធាតុទាហានអាមេរិក​ក្នុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ — ប្រភពការទូតមូយបាននិយាយនៅទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះថា​ ប្រទេសកូរ៉េ​ខាង​ជើង ហាក់ដូចជាបានរៀបចំរូចរាល់ហើយ សម្រាប់ការបញ្ជូនអដ្ឋិធាតុទាហាន​អាមេរិក​ដែល​បានស្លាប់នៅក្នុងសង្រ្គាមកូរ៉េ ខណៈដែលខ្លួនបានទទួលក្តារមឈូសពីសហរដ្ឋអាមេរិក​នោះ។​

ប្រភពបាននិយាយថា កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើង​បានទទួលរថយន្តដឹក​ក្តារមឈូសចំនួនពីរគ្រឿង​ ដើម្បីយកមកប្រើប្រាស់សម្រាប់ការធ្វើមាតុភូមិនិវត្តន៍​អដ្ឋិធាតុទាំង​នោះ។ ខ្លួនបានជឿជាក់ថា នឹងបញ្ជូនអដ្ឋិធាតុទាំងនោះនាថ្ងៃទី២៧ ខែកក្កដាស្អែកនេះ យោង​ទៅ​​តាម​កិច្ចព្រមព្រៀង។ នាថ្ងៃសុក្រ ប្រទេសកូរ៉េទាំងពីរ និងអាមេរិក​គោរពខួបលើកទី៦៥ នៃការចុះកិច្ច​ព្រមព្រៀង​​បទឈប់បាញ់​ដែលបានបញ្ចប់ជម្លោះក្នុងរយៈពេលបីឆ្នាំនេះ។

ទីបញ្ជាការ អ.ស.ប ​ដែលដឹកនាំដោយអាមេរិក​បានរក្សាទុកនូវក្តារមឈូសទាំងនោះ នៅឯភូមិ​ជាប់​ព្រំដែន ប៉ានមុនហ្សូម សម្រាប់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ។ ប្រសិនបើកូរ៉េខាងជើងបញ្ជូនអដ្ឋិធាតុនេះមែននោះ ខ្លួននឹងបានចាត់វិធានការយ៉ាង​តឹងតែង​បំផុត ក្នុងការតាមដានលើកិច្ចព្រមព្រៀងកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបូរី រវាង​ប្រធានា​ធិប​តីលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )