កូរ៉េខាងត្បូងបង្កើតគណៈកម្មាធិការពិសេសមួយសម្រាប់ទំនាក់ទំនងជាមួយអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨​ — កាលពីថ្ងៃទី ២៥ ខែកក្កដា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងត្បូងនឹងបង្កើតគណៈកម្មាធិការឯកទេសថ្មីមួយ សម្រាប់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងការទូតជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសទាំង ១០ ជាសមាជិកអាស៊ាន។
គណៈកម្មាធិការសេដ្ឋកិច្ចភាគខាងត្បូងថ្មី នឹងត្រូវដឹកនាំដោយលោក Kim Hyun-chul ដែលជាទីប្រឹក្សាសេដ្ឋកិច្ចពិសេសរបស់លោកប្រធានាធិបតី លោក Moon Jae-in ។
អ្នកនាំពាក្យរបស់ការិយាល័យប្រធានាធិបតី លោក Kim Eui-kyeom បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការិយាល័យប្រធានាធិបតីគ្រោងនឹងបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចភាគខាងត្បូងថ្មី ដែលជាគណៈកម្មាធិការពិសេសមួយនៅក្នុងគណៈកម្មការប្រធានាធិបតីស្តីពីផែនការគោលនយោបាយ។

ការតភ្ជាប់ទំនាក់ទំនងជាមួយអាស៊ាន គឺជាការងារស្នូលមួយនៃគោលនយោបាយភាគខាងត្បូងថ្មី ដែលជាគោលនយោបាយបរទេសសំខាន់មួយក្នុងចំណោមគោលនយោបាយបរទេសសំខាន់ទាំងពីរ របស់ប្រធានាធិបតី លោក Moon ដើម្បីស្វែងរកភាពប្រសើរឡើងនៃទំនាក់ទំនងរបស់ទីក្រុងសេអ៊ូលជាមួយប្រទេសជិតខាងនៅអាស៊ី។

ប្រធានាធិបតីកូរ៉េខាងត្បូងបានសន្យាលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ ដើម្បីកម្រិតទំនាក់ទំនងរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តធំបំផុត គឺសហរដ្ឋ អាមេរិក និងមហាអំណាចពិភពលោកផ្សេងៗទៀតដូចជា ចិន ជប៉ុន និងរុស្ស៊ី។ ប្រទេសជាសមាជិកអាស៊ានទាំង ១០ បានក្លាយជាអ្នកនាំចូលផលិតផលដ៏ធំបំផុតទី ២ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន។

ប្រធានាធិបតី​ លោក Moon បានប្តេជ្ញាចិត្តខិតខំទ្វេដងក្នុងការធ្វើឱ្យពាណិជ្ជកម្មរបស់ប្រទេសលោកជាមួយបណ្តាប្រទេសនៅអាស៊ានឱ្យបានតម្លៃ ២០០ប៊ីលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២០៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)