ប្រទេសចិនធ្វើការតវ៉ាចំពោះគម្រោងច្បាប់ការពារ ស.រ.អា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ — ប្រទេសចិនបានសំដែងការមិនពេញចិត្តយ៉ាងខ្លាំង ព្រមទាំងប្រឆាំងជំទាស់កាលពីថ្ងៃពុធ ចំពោះគម្រោងច្បាប់ការចំណាយខាងកិច្ចការពារដែលនឹងរួមមានសំណើនានា ដែលផ្តោតមកលើប្រទេសចិន នឹងបានទទូចដល់អាមេរិកកុំធ្វើឱ្យរំខានការអភិវឌ្ឍដែលមានស្ថិរភាព ​ព្រមទាំងចំណងទាក់ទងទ្វេភាគី ។

អ្នកនាំពាក្យក្រសួងការបរទេសលោក ជេង សួង ( Geng Shuang ) បានធ្វើការកត់សម្គាល់នេះ នៅឯសន្និសីទសារព័ត៌មានតាមទម្លាប់មួយនៅពេលដែលគេស្នើឱ្យធ្វើអត្ថាធិប្បាយអំពីគម្រោងច្បាប់ ជាពង្រាងមួយនៃច្បាប់ផ្តល់អំណាការពារជាតិ ស.រ.អា សម្រាប់ឆ្នាំសារពើពន្ធ២០១៩ ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា សភាអាមេរិកបានឈានដល់ការសម្របសម្រួលគ្នាមួយ ស្តីពីគម្រោងច្បាប់ជាពង្រាងដែលបាននិយាយរួចមកហើយនេះ ដែលនិងដាក់បញ្ចូលនូវសំណើជាច្រើនដែលសំដៅទៅលើប្រទេសចិនដូចជាការ ពង្រឹងចំណងទាក់ទងការពារជាមួយតៃវ៉ាន់ ព្រមទាំងការសិក្សាពី « សកម្មភាព ដែលបង្ខិតបង្ខំ » របស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូងជាដើម ។

លោក ជេង បាននិយាយថា ចិនមានការមិនពេញចិត្តយ៉ាងខ្លាំង ព្រមទាំងប្រឆាំងជំទាស់យ៉ាងដាច់ខាតនឹង ខ ទាំងឡាយណាដែលមានជាប់ទាក់ទងនឹងប្រទេសចិន ព្រមទាំងបានធ្វើការតវ៉ាជាឧទ្យារិក ជា មួយភាគីអាមេរិកជាច្រើនលើក ។

លោក ជេង បាននិយាយថា ប្រសិនបើខ្លឹមសារ ដែលមានជាប់ទាក់ទងត្រូវបានគេដាក់បញ្ចូលឱ្យទៅជាច្បាប់នោះវានឹងធ្វើឱ្យខូចខាតយ៉ាង​ធ្ងន់ធ្ងរដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមករវាងចិន និង ស.រ.អា ព្រមទាំងនឹង ធ្វើឱ្យអន្តរាយដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ ដែលមានចាប់ទាក់ទងក៏ដូចជាសន្តិភាពនិងស្ថិរភាព​ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់​។

លោក ជេង បាននិយាយថា យើងទទូចដល់ភាគីអាមេរិក​ឱ្យបោះបង់ចោល នូវគំនិតសង្គ្រាមត្រជាក់ និងផលបូកសូន្យហួសសម័យ , លុបចោលជាបន្ទាន់់ខ្លឹមសារ ជាអវិជ្ជមានដែលមានជាប់ទាក់ទង​ ព្រមទាំងធ្វើតាមជាជាងធ្វើឱ្យរំខានដល់ការអភិវឌ្ឍដោយឥតប្រែប្រួលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )