ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាឱ្យបញ្ជូនជាបន្ទាន់ ក្រុមជួយសង្គ្រោះ គ្រាអាសន្នទៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា -អ៊ីន ( Moon Jae –in ) កាលពីថ្ងៃពុធនេះ បានបញ្ជាឱ្យមានការបញ្ជូនជាបន្ទាន់នូវក្រុមជួយសង្គ្រោះគ្រាអាសន្នទៅកាន់ប្រទេសឡាវដែលនៅទីនោះមនុស្សរាប់រយនាក់កំពុងបាត់ខ្លួន និងរាប់ពាន់នាក់ទៀតផ្លាស់ប្តូរទីកន្លែងដោយសារការបាក់ទំនប់មួយ ដែលស្ថាបនាដោយក្រុមហ៊ុនកូរ៉េខាងត្បូងមួយនោះ ។
អ្នកនាំពាក្យប្រធានាធិបតី លោក Kim Eui- Keum បានប្រាប់សន្និសីទសារព័ត៌មានមួយថា លោក មូន បានបញ្ជាដល់ពួកមន្ត្រីឱ្យរៀបចំវិធានការគាំទ្រឱ្យបានខ្លាំងរបស់រដ្ឋាភិបាល ដែលរួមមានទាំងការ បញ្ជូនក្រុមជំនួយសង្គ្រោះគ្រាអាសន្នទៅប្រទេសឡាវផង ។

ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ថ្វីបើមូលហេតុនៃគ្រោះថ្នាក់នេះ គេមិនទាន់បានដឹងនៅឡើយក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េខាងត្បូងគួរតែចូលរួមជាបន្ទាន់ និងយ៉ាងសកម្មនៅក្នុងសកម្មភាព ជំនួយសង្គ្រោះដោយសារតែក្រុមហ៊ុនកូរ៉េខាងត្បូង មានជាប់ពាក់ព័ន្ធនៅក្នុងការស្ថាបនាទំនប់ទឹកនេះ ។ ទំនប់ទឹកជំនួយក្នុងប្រទេសឡាវ ដែលសាងសង់ដោយក្រុមហ៊ុនកូរ៉េខាងត្បូងមួយដឹកនាំដោយ SK Engineering &Construction បានបាក់រលំកាលពីថ្ងៃចន្ទ ដែលធ្វើឱ្យមនុស្សរាប់រយនាក់បាត់ខ្លួន នឹងរាប់ពាន់នាក់ទៀតផ្លាស់ប្តូរទីកន្លែង ។

ជម្លោះបានកើតឡើងលើមូលហេតុ នៃឧប្បត្តិហេតុនេះនៅពេលដែលអ្នកខ្លះនិយាយថា ទំនប់ទឹក នេះ បានបាក់ដោយសារតែភ្លៀងខ្លាំងដោយឡែកអ្នកខ្លះទៀត បានប្រកាសថា វាជាការបាក់ទំនប់នេះ ដែលនាំឱ្យមានទឹកជំនន់នោះ ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានគ្រោងបញ្ជូនក្រុមនាំមុខមានសមាជិក៧នាក់ទៅប្រទេសឡាវ នៅថ្ងៃ ​​​​​​​​​​​ព្រហស្បតិ៍នេះ ដោយឡែកនឹងបញ្ជូនបុគ្គលិកជួយសង្គ្រោះនិងបុគ្គលិកពេទ្យថែមទៀត បន្ទាប់ពីធ្វើការ ពិគ្រោះយោបល់គ្នាជាមួយរដ្ឋាភិបាលឡាវ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )