អាជ្ញាធរ បានអះអាងថា ករណីរថយន្តបុករបាំងចែកទ្រូងផ្លូវ មានការថយចុះច្រើន និង​មិន​មានអ្នក ស្លាប់ឡើយ ដោយសារប្រជាពលរដ្ឋកាន់តែមានការយល់ដឹងខ្ពស់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោក ចន ណារិទ្ធ៖

(រាជធានីភ្នំពេញ) អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីវិធានការរឹតបន្តឹង​របស់​រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចាប់ឃាត់រថយន្តបុកទ្រព្យសម្បត្តិសា​ធារណៈនៅតាមដង​ផ្លូវ​គិតតាំងពីថ្ងៃទី២១ ឧសភា ឆ្នាំ២០០៩ រហូតដល់ពេលនេះ សមត្ថកិច្ចចាប់ឃាត់រថយន្តទាំង​នោះបានជាង១ពាន់គ្រឿងនៅរាជធានីភ្នំពេញភាគច្រើនបុករបាំងចែកទ្រូងផ្លូវ និងអ្នកបើកបរ​ស្ថិតក្នុងស្ថានភាពស្រវឹង ។ ប៉ុន្តែសម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ចាប់បានតែ​១៤​គ្រឿង​ប៉ុណ្ណោះ ដែលសមត្ថកិច្ចចាប់បញ្ជូនឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយ ខណៈ​ពេលឆ្នាំមុនៗមានជិត១០០គ្រឿងនោះ ។ នេះមិនទាន់គិតពីរថយន្តដែលបុកសម្បត្តិ​សាធារ​ណៈហើយបើករត់និងមួយផ្នែកគ្រាន់តែប៉ះពារបន្តិចបន្ទួចចាប់បានហើយដោះស្រាយក្រៅប្រពន្ធ័រួចដោះលែងវិញនោះទេ។ ក្នុងចំណោមរថយន្តដែលចាប់បានខាងលើ ត្រូវបានដោះ​លែង​វិញ បន្ទាប់ពីធ្វើការអប់រំ និងផាកពិន័យរួច ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ​បានដាក់​ចេញ​នូវវិធានការក្តៅ គឺត្រូវចាប់ឃាត់រថយន្តដែលបុកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមដងផ្លូវ​រហូតមកដល់ពេលនេះ សមត្ថកិច្ចឃាត់រថយន្តបានជិត១ពាន់គ្រឿង ហើយវិធានការក្តៅនេះ​បានចាប់អនុវត្តន៏ពីថ្ងៃទី២១ ឧសភា ឆ្នាំ២០០៩ ប៉ុន្តែចាប់ពីឆ្នាំ២០១៥រហូតមកដល់ពេលនេះ រថយន្តដែលបុករបាំងបែងចែកទ្រូងផ្លូវមានការថយចុះ បើធៀបទៅនឹងឆ្នាំមុនៗ តែចំនួន​អ្នក​ស្លាប់មានការកើនឡើង គឺបណ្តាលមកពីម្ចាស់បើកបរ ភាគច្រើនក្នុងស្ថានភាពស្រវឹង និង​បើក​បរដោយធ្វេសប្រហែសដូចជា និយាយ ឬរវល់ចុចទូរស័ព្ទ អោនរើសទូរស័ព្ទ និងសាសង​គ្នា​ក្នុងឡាននៅពេលយប់ ។មន្ត្រីដដែល បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ករណីគ្រោះ​ថ្នាក់ចរាចរណ៏ដោយសារ រថយន្តបុកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬរបាំងចែកទ្រូង​ផ្លូវ​ជាដើម មានការថយចុះខ្លាំង និងមិនមានអ្នកស្លាប់នោះទេ គឺដោយសារប្រជាពលរដ្ឋ មាន​ការ​យល់ដឹងអំពីបញ្ហានេះ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែល​ចូលចិត្តធ្វើដំណើរនៅ​ពេលយប់សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអ្នកបើកបរភាគច្រើនមានភាពស្រវឹង ។

គួររំលឹកថា ការចាប់ឃាត់រថយន្តបុកទ្រព្យសម្បត្តិ​សាធារណៈនៅតាមដងផ្លូវគិត​តាំងពីថ្ងៃ​ទី២១ឧសភា ឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៥ សមត្ថកិច្ចចាប់ឃាត់រថយន្តបាន​ជិត៨០០​គ្រឿង​នៅរាជធានីភ្នំពេញ ហើយក្នុងចន្លោះពីឆ្នាំ២០០៩ដល់ ឆ្នាំ២០១៣ រថយន្តដែលចាប់​បានទាំង​នោះត្រូវបានរក្សាទុក នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ តែក្រោយមកត្រូវបានយក​ទៅ​រក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញវិញ ដោយសារទីតាំងនៅរដ្ឋ​បាលរាជធានី​ភ្នំ​ពេញ​ចង្អៀត តែការដោះស្រាយរដ្ឋបាលរាជធានីជាអ្នកសម្រេច និងដោះស្រាយដដែរ ។ ចំ​ពោះវិធានការផាកពិន័យវិញ រដ្ឋបាលរាជធានីភ្នំពេញមិន​ត្រូវការលុយដែលបាន​មកពីការផក​ពិន័យនោះទេ តែសំខាន់ គឺជាការព្រមានឲ្យរៀងចាលតែម្តង ៕