អភិបាលខេត្តសៀមរាបអំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ មកទទួលសេវានៅអង្គភាពច្រកចេញ-ចូលតែមួយរបស់ខេត្ត

AKP សៀមរាប ថ្ងៃទី២៦ ខែកក្កដា ឆ្នំា២០១៨ –អភិបាលខេត្តសៀមរាបបានអំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ ដែលធ្លាប់ទទួលសេវាសាធារណៈនៅតាមមន្ទីរជំនាញចំនួន ១៤វិស័យ មកទទួលសេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយ នៅសាលាខេត្តសៀមរាបវិញ ដើម្បីប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាព

អង្គភាពច្រកចេញចូលតែមួយ​របស់រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្ដើមដំណើរការ​​កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នំា២០១៨ សម្រាប់ផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព និងតម្លាភាពជាមួយ​ភាពទទួលខុសត្រូវខ្ពស់ ដោយប្រើរយៈពេលឆាប់រហ័សក្នុងការផ្ដល់សេវា​ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច ​សំរឹទ្ធិស័ក ព. ​២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ  កក្កដា ឆ្នាំ២០១៨ថា កន្លងមកនេះប្រជាពលរដ្ឋមួយចំនួនដែលមិនសូវយល់អំពីការផ្តល់សេវារបស់រដ្ឋតែងតែបានជួបការលំបាកក្នុងការទទួលសេវាសាធារណៈ ដោយសារពឹង​អ្នកជួយរត់ការធ្វើឱ្យការចំណាយរបស់ប្រជាពលរដ្ឋច្រើន។ ដើម្បីកាត់បន្ថយការចំណាយ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈ រាជរដ្ឋាភិបាលបាន​សម្រេចបង្កើតឱ្យមានអង្គភាពច្រកចេញចូលតែមួយ នៅតាមសាលាខេត្ត ដែលអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តនេះ គឺប្រជាពលរដ្ឋអាចមកទទួលសេវាដោយផ្ទាល់ ដោយមិនចាំបាច់ពឹងអ្នករត់ការដូចមុននោះទេ ហើយការចំណាយរបស់គាត់តិច និងទទួលបានសេវាឆាប់រហ័សផងដែរ

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ​នៅខេត្តសៀមរាប មានការិយាល័យច្រកចេញចូលតែមួយ នៅតាមបណ្តាក្រុង ស្រុក ចំនួន​៣ គឺមាននៅក្រុងសៀមរាប ស្រុកពួក និងស្រុកជីក្រែង ហើយនៅក្នុងឆ្នាំ២០១៨​នេះខេត្តបានដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តមួយទៀត ដែលមានទីតាំងនៅសាលាខេត្តសៀមរាបតែម្តង។ ជាមួយគ្នានេះខេត្តក៏មានគម្រោងបង្កើតការិយាល័យច្រកចេញចូលតែមួយចំនួន​២​ទៀត គឺនៅស្រុកសូទ្រនិគម និងស្រុកក្រឡាញ់។

ឯកឧត្តមបានពន្យល់ថា អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តសៀមរាប គឺមានសេវារដ្ឋបាលដែលបានប្រតិភូកម្មមានចំនួន​១៤​វិស័យ​ និងសរុបចំនួនជាង​៣៧០​ប្រភេទសេវា វិស័យទាំង​១៤នេះ គឺមានការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង),ការងាររដ្ឋបាល, វិស័យសុខាភិបាល,វិស័យទេសចរណ៍, ​វិស័យសាធារណការ និងដឹកជញ្ជូន, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យព័ត៌មាន, វិស័យបរិស្ថាន, វិស័យឧស្សាហកម្ម និងសិប្បកម្ម,១០វិស័យរ៉ែ និងថាមពល, ១១វិស័យពាណិជ្ជកម្ម , ១២វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, ១៣វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និង១៤វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​។ ​សេវាតាមវិស័យនីមួយៗត្រូវអនុត្តន៍តាមការកំណត់ក្នុងតារាងឧបសម្ព័ន្ធ នៃប្រកាសអន្តរក្រសួង រវាងក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្របខ័ណ្ឌពេវេលា។

ឯកឧត្តម ឃឹម ប៊ុនសុង បានអំពាវនាវឱ្យ​ប្រជាពលរដ្ឋ ​មកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយ ​តាមវិស័យ​ និងតាមសេវារដ្ឋបាល នៅថ្នាកក្រោមជាតិទាំងនេះ ដើម្បីទទួលបានសេវាឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់​ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងគិតគូរប្រកបដោយគតិបណ្ឌិត ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងសាធារ ណជនទូទៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ​នូវគោលនយោបាយប្រទេស ប្រកបដោយនិរន្តរភាព​

អ្នកស្រី កែ ចាន់ធួន ជាប្រជាពលរដ្ឋម្នាក់ដែលបានមកទទួលសេវានៅច្រកចេញចូលតែមួយរបស់ខេត្តបាន​ថ្លែងថា អ្នកស្រីពិតជាមានភាពងាយស្រួលជាងមុន ក្នុង​ការទទួលសេវា ព្រោះនៅច្រកចេញចូលតែមួយនេះ គេមានកំណត់ថ្ងៃត្រឹមត្រូវនៃការផ្តល់សេវា និងមានប្រសិទ្ធភាពនិងតម្លាភាព ជាពិសេសសេវាលឿន និងចំណាយពេលវេលា និងថវិកាតិចជាង  មុន៕

ដោយឃុត សៅ