ប្រជាកសិករនៅខេត្តក្រចេះ សម្រេចប្រមូលផលដំណាំមុនរដូវ ខណៈ ស្ថានភាពទឹកជំនន់ឆ្នាំនេះជន់លិចលឿនជាងឆ្នាំមុនៗ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោក ចន ណារិទ្ធ៖


ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានសម្រេចធ្វើការប្រមូលផលមុនរដូវស្របពេល ដំណាំកសិកម្មដែលពួកគាត់កំពុងតែបង្កបង្កើនផលរួមមាន ពោត,ស្រូវ,សណ្តែក,ល្ងរ កំពុងតែយាយី ខណៈ ស្ថានភាពទឹកជំនន់ឆ្នាំនេះជន់លិចលឿនជាង ឆ្នាំមុនៗ ទើបពួកគាត់សម្រេចប្រមូលផលកសិកម្មមុនរដូវបែបនេះ ។


ស្ត្រីជាកសិករចំណាស់ ម្នាក់កំពង់តែអង្គុយបកពោត នៅក្នុងភូមិព្រែកតាំអាំ ឃុំបុសសាវ ស្រុកចិត្របុរី បានឲ្យដឹងថា ដោយសារតែស្ថានភាពដីក្នុងភូមិជាប្រភេទដីទំនាបផងនោះ ប្រជាពលរដ្ឋនៅក្នុងភូមិនេះភាគច្រើននិយមដាំ ពោតក្រហមជាដំណាំកសិកម្មនាំមុខ ។ ស្ត្រីរូបនោះ បានបន្តថា ដោយសារតែឆ្នាំនេះស្ថានភាពទឹកជំនន់បានឡើងលឿនជាងឆ្នាំរាល់ដងទើបធ្វើឲ្យប្រជាកិសករក្នុងភូមិសម្រេចកាច់ពោតពីចំការមកផ្ទះ បើទោះបីជាដំណាំពោតទាំងនោះនៅមិនទាន់ ហុចផលពេញលេញយ៉ាងណាក្តីតែពួកគាត់បានប្រមូលយក ដើម្បីគេចផុតពីការលិចលង់ ប៉ុន្តែទោះជាយ៉ាងណាការបាត់ទិន្នផលបន្តិចបន្តួចវាប្រសើរជាងការបំផ្លាញទាំងស្រុងដោយទឹកជំនន់ ព្រោះតែធម្មជាតិមិនអំណោយផលល្អ ។


មន្ត្រីសាលាខេត្តក្រចេះបាន អះអាងថា ស្រុកចំនួន៥និងក្រុង១ក្នុងចំណោមស្រុកទាំង៦នៅខេត្តក្រចេះ អាចប្រឈមទៅនឹងការជន់លិចដោយទឹកជំនន់ ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ពេលនេះ ការជន់លិចនៅមិនទាន់ដល់កម្រិតដែលគួរឲ្យព្រួយបារម្ភនោះឡើយ ៕