គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំដើម្បីរកវិធានការដោះស្រាយគ្រោះទឹកជំនន់

AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ –កាលពីថ្ងៃពុធ ទី១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំខេត្តកំពង់ឆ្នាំង គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្ដីពីការគ្រប់គ្រងរងគ្រោះមហន្តរាយ និងរិះរកវិធានការដោះស្រាយគ្រោះទឹកជំនន់ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត ព្រមទាំងអស់លោក លោកស្រី អភិបាលរងខេត្ត និងប្រធាន អនុប្រធាន មន្ទីរ ស្ថាប័នជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ឃុំស្រុក ជាច្រើនរូបផងដែរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្ដីពីស្ថានភាពបច្ចុប្បន្ន ដែលខេត្ទទួលរងគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង និងការត្រៀមបម្រុង បង្ការការពារគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀងរួចមក ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា នៅឆ្នាំ២០១នេះ ខេត្តបានធ្វើទូកសម្រាប់ជួយសង្គ្រោះ ព្រមទាំងសម្ភារ ឧបករណ៍ និងកងកម្លាំងសមត្ថកិច្ច នឹងមានត្រៀមគ្រាប់ពូជដំណាំ ស្រូវ ដើម្បីធ្វើការស្តារឡើងវិញ ជូនប្រជាពលរដ្ឋសម្រាប់ក្រោយការបំផ្លាញដោយទឹកជំនន់ឯកឧត្តម បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក៏ដូចជាការផ្សព្វផ្សាយឱ្យមានការប្រុងប្រយ័ត្ន ឱ្យរកទីទួលមានសុវត្ថិភាពបានល្អ ។

ឯកឧត្តមមានប្រសាសន៍បន្ត​ថា ដើម្បីរួម​ចំណែក​ក្នុង​ការ​ធានាឱ្យបាន​នូវ​ការ​អភិវឌ្ឍប្រកប​ដោយនិរន្តរភាពក្នុង​អាងទន្លេមេគង្គ និងបញ្ហាទឹក​ជំនន់​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា យើងចំាបាច់ត្រូវតែធ្វើ​ការ​ពិភាក្សាដោយផ្តោតសំខាន់ទៅលើ​បញ្ហាប្រ​ឈមមួយចំនួនមានដូចជា បញ្ហាទឹក​ជំនន់​ដែលកើតឡើងនៅ​ក្នុង​ស្រុក​​ ទឹក​ជំនន់​ដែល​ហូរមក​ពីខាងលើ និងដីសណ្តនៅក្នុងទន្លេមេគង្គ ដែលច្រើន​ធ្វើឱ្យល្បឿន​ទឹក​ហូរចូលមានល្បឿនលឿននិងហូរចេញយឺត កាអភិវឌ្ឍផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ផលដំណាំ សុខភាពប្រជាពលរដ្ឋ និងសត្វជាដើម។ល។ បញ្ហាទំាង​នេះ​ឯកឧត្តមបាន​ស្នើឱ្យក្រុម​មន្រ្តី​ជំនាញធ្វើការ​ផ្តល់​យោបល់ឱ្យបាន​ច្រើន​ ដើម្បីចងក្រងបានជាយុទ្ធសាស្រ្តសម្រាប់យក​ទៅអនុវត្តន៍ឱ្យមាន​ប្រសិទ្ធភាព​លើការ​គ្រប់គ្រងហានិភ័យ​គ្រោះទឹក​ជំនន់​ នៅ​ពេល​ជួបហេតុការណ៍អាក្រក់កើតឡើង។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខសម្តេចបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាន និងកំពុងអនុវត្តន៍ក្នុងការជំរុញ និងបំផុសការយល់ដឹងជាសារធារណៈនិងការយល់ដឹងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ។ ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិល បានធ្វើការជួយសង្គ្រោះធ្វើការឧត្ថម្ភ ជាសម្ភារ និងថវិកា ដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅទូទាំងប្រទេស ។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរួចមកឯកឧត្តម ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមដងទន្លេ និងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់នូវគ្រប់សកម្មភាពទឹកជំនន់

ដោយ បៃ ស៊ីថុន