អភិបាលខេត្តបាត់ដំបងបង្ហាញេពីការបង្កើតអង្គភាពច្រកចេញចូលតែមួយ សម្រាប់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ក្នុងឪកាស់អញ្ជើញចុះពិនិត្យការដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តបាត់ដំបង នៅអាគារ A សាលាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា គោលបំណងដែលបង្កើតឲ្យមានអង្គភាពច្រកចេញចូលតែមួយនេះ គឺដើម្បីលើកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវា តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលនិងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

អង្គភាពច្រកចេញចូលតែមួយត្រូវរៀបចំជាពីរផ្នែកគឺ ផ្នែកជួរមុខ និងផ្នែកជួរក្រោយ មានដូចជា ៖

ផ្នែកជួរមុខ ៖ គឺជាកន្លែងសម្រាប់ប្រជាពលរដ្ឋប្រាស្រ័យទាក់ទងដោយផ្ទាល់ ដើម្បីទទួលព័ត៌មាននានាអំពីការផ្តល់សេវារដ្ឋបាល ទទួលទម្រង់បែបបទ ដាក់ពាក្យស្នើសុំ បង់ប្រាក់កម្រៃ និងទទួលលទ្ធផលសម្រចជាផ្លូវការ នៃសេវារដ្ឋបាលដែលបានស្នើសុំ ។

ផ្នែកជួរក្រោយ ៖ គឺជាកន្លែង ពិនត្យ និងផ្តល់យោបល់ផ្នែកបច្ចេកទេស លើសំណុំបែបបទនៃការស្នើសុំ ដែលមានមន្ត្រីមកពីមន្ទីរ អង្គភាព ជំនាញ នៃវិស័យនីមួយ ៗ ។

កន្លងមក រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យអញ្ជើញមកស្នើសុំសេវារដ្ឋបាលនានា នៅអង្គភាពច្រកចេញចូលតែមួយ ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧:០០ នាទីដល់ ម៉ោង ១១:៣០នាទី ពេលរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី ។

សូមបញ្ជាក់ថា សេវារដ្ឋបាល ដែលអង្គភាពច្រកចេញចូលតែមួយ ផ្តល់ជូនបច្ចុប្បន្នមានចំនួន ១៤វិស័យ រួមមាន ការងារនីត្យានុកូលកម្ម ឬហៅថាការបញ្ជាក់លើឯកសារថតចម្លង ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី វិស័យកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ និង វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕