ប្រធាន​សមាគមចុងភៅកម្ពុជាអះអាងថា នឹង​រួម​គ្នា​លើកស្ទួយម្ហូប​អាហារខ្មែរឱ្យល្បីនៅលើកឆាក​អន្តរជាតិ

AKP សៀមរាប ថ្ងៃទី២៦ ខែកក្កដា ឆ្នំា២០១៨ –ប្រធាន​សមាគមចុងភៅកម្ពុជាអះអាងថា នឹង​រួម​គ្នា​លើកស្ទួយម្ហូប​អាហារខ្មែរឱ្យ​អន្តរជាតិបាន​ស្គាល់ តាមរយៈការយកម្ហូបខ្មែរទៅប្រកួតនៅ​លើឆាកអន្តរជាតិ និងធ្វើឱ្យភ្ញៀវទេសចរដែល​មក​កម្សាន្តនៅ​កម្ពុជា​បាន​ហូប​ម្ហូបខ្មែរ ម្តងហើយចង់ហូបម្តងទៀត

នៅក្នុង​ជំនួប​ជាមួយសមាជិកសមាគមចុងភៅកម្ពុជា កាលពីរសៀលថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ លោក ឡុង បូរ៉ា ប្រធាន​សមាគមចុងភៅកម្ពុជាបាន​ថ្លែងថា ដើម្បីលើក​កម្ពស់វិស័យម្ហូបអាហារខ្មែរឱ្យអន្តរជាតិបាន​ស្គាល់ និងធ្វើឱ្យភ្ញៀវទេសចរដែល​មក​កម្សាន្តនៅ​កម្ពុជា​បាន​ហូប​ម្ហូបខ្មែរ ម្តងហើយចង់ហូបម្តងទៀតនោះ សមាគមចុងភៅតែងតែបាន​បញ្ជូន​សមាជិក​របស់​ខ្លួន​ទៅ​ចូល​រួម​ប្រកួត​ធ្វើ​ម្ហូប​នៅ​តាម​បណ្តាប្រទេសផ្សេងៗជាង​ច្រើន​។ នៅ​ខែ​តុលា ឆ្នំា២០១៨ខាងមុខនេះ សមាគមចុងភៅកម្ពុជានឹង​បញ្ជូន​សមាជិករបស់​ខ្លួនទៅ​ចូលរួម​ប្រកួតធ្វើម្ហូបនៅប្រទេសថៃ ចិន និងប្រទេស​ឥណ្ឌា ដែល​មាន​ប្រទេសជាច្រើននៅលើពិភពលោកចូលរួម ហើយការ​ប្រកួតទាំង​នេះ​បាន​ធ្វើឱ្យ​ម្ហូបខ្មែរមានមុខមានមាត់នៅលើឆាកអន្តរជាតិ។

លោកបាន​បន្តថា ដើម្បី​ឱ្យសមាជិកចុង​ភៅរបស់​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចូលរួម​ប្រកួតធ្វើម្ហូបលំដាប់ពិភពលោកនោះ សមាគមចុងភៅកម្ពុជាបាន​អញ្ជើញ​លោក DRAGAN UNIC សមាជិកសមាគមចុងភៅពិភពលោក និងជាប្រធានចុងភៅប្រចាំតំបន់អ៊ឺរ៉ុបខាងជើងមកចែករំលែកបទពិសោធន៍ពាក់ព័ន្ធ ​វិន័យ អនាម័យ និងចំណុចផ្សេងៗជាច្រើនទៀតដែលអនុវត្តន៍ក្នុងពេលប្រកួត។

លោក ឡុង បូរ៉ា បាន​បញ្ជាក់ថា ក្រៅ​ពី​បញ្ជូន​សមាជិក​ចុងភៅកម្ពុជាឱ្យទៅចូលរួម​ធ្វើ​ម្ហូបនៅ​លើឆាអន្តរជាតិហើយនោះ បច្ចុប្បន្ននេះសមាគមចុងភៅកម្ពុជា ក៏កំពុងតែចងក្រងរូបមន្តម្ហូបខ្មែរក្នុងគោលដៅធ្វើ​យ៉ាង​ណាឱ្យគ្រប់សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់ធ្វើម្ហូបខ្មែរមានរសជាតិតែមួយ។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA)បានមាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ​នៅកម្ពុជា​មាន​ប្រាសាទ និង​រមណីយដ្ឋានធម្មជាតិដ៏សម្បូរបែបសម្រាប់ទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែម្ហូប​អាហារក៏ជា​ចំណែក​មួយដ៏សំខាន់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវទេសចរឱ្យស្នាក់នៅ​កម្ពុជាបាន​យូផងដែរ។ លោកស្រីបានស្នើឱ្យ​ប្រតិបត្តិករទេសចរទំាង​អស់​ជួយផ្សព្វផ្សាយបង្ហាញ និង​លើកកម្ពស់ម្ហូបអាហារខ្មែរឱ្យទូលំទូលាយជាងមុន ជាពិសេសបង្ហាញ និង​ឱ្យភ្ញៀវទេសចរបានភ្លក់រសជាតិម្ហូបខ្មែរ ខណៈពេលខាងសមាគមចុងភៅបានខិតខំធ្វើឱ្យម្ហូបខ្មែរឱ្យមានគុណភាព រសជាតិឆ្ងាញនិងមានមុខមានមាត់នៅលើឆាអន្តរជាតិ

ដោយឃុត សៅ