ឱសថអាចធ្វើឱ្យមនុស្សស្លាប់ ប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រមូលដ្ឋានសម្រាប់អ្នកលក់ឱសថតាមឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ ចំនួន៧០៣នាក់ នៅមហោស្របចេនឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៥ កក្កដានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឱសថ គឺជាអាវុធមុខពីរដែលអាចធ្វើឱ្យមនុស្សស្លាប់ បើសិនជាយើងប្រើប្រាស់វាមិនបានត្រឹមត្រូវ ដោយខ្វះជំនាញនិងចំណេះដឹងលើវិស័យសុខាភិបាលនោះ។ ឯកឧត្តម បន្តថា នៅរាជធានីភ្នំពេញ មានអ្នកលក់ឱសថ មួយចំនួនមិនទាន់មានចំណេះដឹងគ្រប់គ្រាន់នៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ បង្កើនចំណេះដឹងបន្ថែមពីអ្នកពាក់ព័ន្ធ ព្រោះថា ឱសថជាអាវុធមុខពីរ ប្រើប្រាស់មិនត្រូវ វានឹងធ្វើឱ្យមនុស្សស្លាប់បាន។

ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងទៀតថា មនុស្សតែងតែមានជំងឺជៀសមិនផុត ហើយដើម្បីព្យាបាល បើទោះជាត្រូវចំណាយថវិកាប៉ុន្មានក៏ដោយ ក៏ត្រូវតែចាយវាយដែរ ដោយសារតែ ជឿជាក់ទៅលើគ្រូពេទ្យ និងឱសថការីទាំងអស់ ដូច្នេះដើម្បីកុំឱ្យប្រជាជនអស់ជំនឿទុកចិត្ត គម្បីគ្រូពេទ្យនិងឱសថការីត្រូវមានជំនាញពិតប្រាកដនិងមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការធ្វើអាជីវកម្ម លើផ្នែកឱសថនេះ ដោយការទទួលខុសត្រូវខ្ពស់ ជៀសវាងអ្នកជំងឺចាយលុយអស់ពីខ្លួនហើយ អស់ទាំងអាយុជីវិតថែមទៀត ។

ឯកឧត្តម អភិបាល សុំឱ្យអ្នកលក់ឱសថទាំងអស់ យកចិត្តទុកដាក់ពីសុខភាពប្រជាជន ពិសេស អ្នកជំងឺ ដើម្បីឱ្យគាត់ចំណាយថវិកា ហើយទទួលបាននូវសុខភាពល្អប្រសើរឡើងវិញ។ ការផ្តល់នូវការបណ្តុះបណ្តាល និង ការប្រគល់នូវវិញ្ញាបនបត្រនៅថ្ងៃនេះ ក៏ជាការបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជម្រុញ និងបង្កើនចំណេះដឹងលើផ្នែកឱសថ ដើម្បីធានានូវគុណភាព សិវត្ថិភាព និងសុខមានលភាពប្រជាពលរដ្ឋ។

លោក ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា និងជាអនុប្រធានសមាគមសហព័ន្ធវិនិយោគិន បានលើកឡើងថា សមាគមអ្នកលក់ឱសថកម្ពុជា សហការបច្ចេកទេស ជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងសុខាភិបាល បានរៀបចំឱ្យមានការបណ្តុះបណ្តាល មូលដ្ឋាន សម្រាប់អ្នកលក់ឱសថ តាមឱសថស្ថាន ដើម្បីបង្កើននូវចំណេះ ដឹងដល់អ្នកលក់ឱសថ ក្នុងការធានា បាននូវ គុណភាព ប្រសិទ្ធភាព និង សុខមាលភាពប្រជាពលរដ្ឋ។លោកបន្តថា សិក្ខាកាមដែលជាឱសថការី បានទទួលការបណ្តុះបណ្តាលកម្រិតមូលដ្ឋាន នូវចំណេះដឹងផ្នែកឱសថការី និងទទួលវិញ្ញាបនបត្រ នៅថ្ងៃនេះមានចំនួន៧០៣នាក់ ក្នុងនោះស្រី៤៤៣នាក់ ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១០ខែ គិតចាប់ពីថ្ងៃទី៩ខែកញ្ញាឆ្នា២០១៧រហូតដល់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៨ នៅសមាគមអ្នកលក់ឱសថកម្ពុជា លើមុខវិជ្ជា វេជ្ជសាស្រ្ត និងឱសថសាស្រ្ត ហើយការផ្តល់ជូនការបណ្តុះបណ្តាលនេះ គឺជាការគិតគូរ ពីសុវត្ថិភាព សុខភាព ប្រជាពលរដ្ឋ និងជាការបង្ការហានិភ័យជាយថាហេតុដែលផ្តើមចេញពីអ្នកលក់គ្មានវិជ្ជាជីវៈ និងការប្រើប្រាស់ឱសថ។ លើសពីនេះក៏ជាការចូលរួមអភិវឌ្ឍធនធានមនុស្ស បម្រើឱ្យវិស័យសុខាភិបាល ក៏ដូចជាពង្រឹងសេវាកម្មសុខាភិបាលឱ្យកាន់តែប្រសើរ ដម្បីពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ ដល់អ្នកលក់ឱសថទាំងអស់ ទាំងចំណេះដឹង ចំណេះធ្វើ កម្រិតមូលដ្ឋាន ដើម្បីឱ្យរាល់ការលក់ឱសថមានការទទួលខុសត្រូវ និងគិតពីសិវត្ថិភាព សុខភាពប្រជាពលរដ្ឋ។