អភិបាលខេត្តកំពង់ចាម ចូលរួមគោរទង់ជាតិនៅសាលាបឋមសិក្សាអនុវត្តន៍-វិទ្យាល័យហ៊ុន សែនកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ឯកឧត្តម  គួច ចំរើន អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៥ខែកក្កដានេះ បាន អញ្ជើញចូលរួមគោរទង់ជាតិនៅសាលាបឋមសិក្សាអនុវត្តន៍-វិទ្យាល័យហ៊ុន សែនកំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងជួបសំណេះសំណាលជាលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទូទាំងសាលាបឋមសិក្សាអនុវត្តន៍-វិទ្យាល័យហ៊ុន សែនកំពង់ចាម ដោយបានផ្សព្វផ្សាយបញ្ហាចំនួន២គឺលើបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបញ្ជៀសនិងកាត់បន្ថយអត្រាអ្នកស្លាប់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម  គួច ចំរើន បានលើក ឡើងថា លោកគ្រូ-អ្នកគ្រូ គឺជាអ្នកមានគុណទី២បន្ទាប់ពីអាណាព្យាបាលដោយបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនផ្តល់នូវដំបូន្មានល្អ ៗ ការអប់រំ ចំណេះវិជ្ជា ស្មារតី ដោយមិនគិតចង់អ្វីតបស្នងមកវិញ គឺធ្វើយ៉ាងណាឲ្យតែសិស្សានុសិស្សទទួលបានចំណេះដឹងខ្ពង់ខ្ពស់អាចប្រកបមុខរបរចិញ្ជឹម ឬយកទៅអនុវត្តន៍ការងារជាប្រចាំថ្ងៃកាន់តែរីកចម្រើន។

ដូច្នោះក្នុងនាមសិស្សានុសិស្សគួរតែស្តាប់ការអ់រំណែនាំរបស់លោកគ្រូ-អ្នកគ្រូ និងចូលរួមការងាររបស់សង្គមក្នុងពេលធ្វើដំណើរត្រូវតែពាក់មួកសុវត្ថិភាព ចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ ចេះពាក់ខ្សែក្រវ៉ាត់ កុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ ដើម្បីបញ្ជៀសនូវ គ្រោះថ្នាក់តាមដងផ្លូវ និងលុបបំបាត់អ្នកញៀនសារធាតុញៀនផងដែរ។

យើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ។

ឯកឧត្តមបន្តថា យុវជនគឺជាឆ្អឹងខ្នងនៃប្រទេសជាតិដើម្បីចូលរួមអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានស្នើដល់លោកគ្រូ-អ្នកគ្រូត្រូវធ្វើការណែនាំលើបញ្ហាអសកម្មដែលកើតមានតាមមូលដ្ឋាន និងធ្វើការលើកឡើងលើបញ្ហាគ្រោះថ្នាក់ នឹងបញ្ហាគ្រឿងញៀនក្នុងពេលគោរពទង់ជាតិ និងជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង សង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕