យុគសម័យបច្ចេកវិទ្យាធ្វើឱ្យមានការផ្លាស់ប្តូរទីផ្សារការងារ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ — អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Doan Mau Diep បាននិយាយថា ទីផ្សារការងារនៅវៀតណាម និងបណ្តាប្រទេសជាច្រើនទៀត មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្រោមផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មលើកទីបួន។ ថ្លែងនៅក្នុងសិក្ខាសាលាអន្ដរជាតិមួយ ដែលធ្វើនៅខេត្ត Thua Thien-Hue កាលពីថ្ងៃទី ២៤ ខែកក្កដា លោក Diep បាននិយាយថា ការផ្លាស់ប្តូរនៅក្នុងប្រទេសនីមួយៗមានភាពខុសប្លែកគ្នា និងមានមុខរបរថ្មីៗកើតមានឡើង។

លោក Diep បានពិភាក្សាអំពីបញ្ហាជាច្រើននៅក្នុងសិក្ខាសាលានេះជាមួយអ្នកតំណាងមកពីប្រទេសចំនួន ២០ និងអង្គការអន្តរជាតិ ដូចជាអង្គការពលកម្មអន្តរជាតិ (ILO) ធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍអាស៊ី (ADB) ជាដើម។ ពួកគេបាននិយាយអំពីមុខរបរទូទៅបំផុតនៅក្នុងទីផ្សារការងារ និងការប្រមូល ការរក្សាទុក និងការប្រើប្រាស់ទិន្នន័យមូលដ្ឋាននៃការជ្រើសរើសបុគ្គលិក។

អ្នកចូលរួមក៏បានលើកឡើងអំពីនិន្នាការការងារមួយចំនួននៅក្នុងយុគសម័យបច្ចេកវិទ្យា និងតួនាទីរបស់ស្ថាប័នសេវាកម្មការងារសាធារណៈផងដែរ។  ដោយមានការចូលរួមពីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ព្រមទាំងសមាគមពិភពលោកនៃសេវាកម្មការងារសាធារណៈ សិក្ខាសាលានេះនឹងដំណើរការរហូតដល់ថ្ងៃទី ២៥ ខែកក្កដានេះ។

យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា ការបដិវត្តន៍ឧស្សាហកម្មលើកទី ៤ នេះ បង្កឱ្យមានការគំរាមកំហែងដល់កំលាំងពលកម្មក្នុងតំបន់ ហើយវិធីតែមួយគត់ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នេះ គឺការដាក់កម្រិតការកែទម្រង់នៅទូទាំងក្រុមប្រឹក្សា ដោយចាប់ផ្តើមពីកម្មវិធីអប់រំ និងបណ្តុះបណ្តាល។

អង្គការពលកម្មអន្តរជាតិ (ILO) បានព្រមានថា រហូតដល់ទៅ ៨៦ភាគរយនៃកម្មករនៅក្នុងឧស្សាហកម្មកាត់ដេរ និងស្បែកជើងរបស់វៀតណាម មានហានិភ័យខ្ពស់ក្នុងការបាត់បង់ការងារក្រោមឥទ្ធិពលនៃបច្ចេកវិទ្យាដែលបណ្តាលមកពីបដិវត្តន៍ឧស្សាហកម្មលើកទី៤ នេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)