អ៊ីស្រាអែលបើកមជ្ឈមណ្ឌលស្នើសុំទិដ្ឋាការចំនួន ៣ ក្នុងប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ — មជ្ឈមណ្ឌលស្នើសុំទិដ្ឋាការអ៊ីស្រាអែលថ្មីមួយបានបើកកាលពីថ្ងៃអង្គារ ក្នុងទីក្រុងសាងហៃ បន្ទាប់ពីការបើកមជ្ឈមណ្ឌលមួយក្នុងក្រុងប៉េកាំងកាលពីសប្តាហ៍កន្លងទៅ ។ មជ្ឈមណ្ឌលស្នើសុំទិដ្ឋាការមួយទៀតគេរំពឹងថា នឹងបើកក្នុងពេលឆាប់ៗនេះ​ក្នុងក្វាងជូ រដ្ឋធានីខេត្តក្វាងទុង ប្រទេសចិនខាងត្បូង ។

លោក Zvi Heifetz ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនៅប្រទេសចិនបាននិយាយនៅក្នុងសុន្ទរកថាមួយនៅឯពិធីបើកកាលពីថ្ងៃអង្គារ ក្នុងក្រុងសាងហៃ ថា ការបើកមជ្ឈមណ្ឌលស្នើសុំទិដ្ឋាការនៅក្នុងទីក្រុងចិន ចំនួន ៣នេះ នឹងធ្វើឱ្យមានភាពងាយស្រួលដល់ពួកទេសចរណ៍ចិន ។

លោកបាននិយាយបន្ថែមថា មជ្ឈមណ្ឌលទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងការពង្រឹងនូវទំនាក់ទំនងរវាងប្រទេសចិននិងអ៊ីស្រាអែល ។

មជ្ឈមណ្ឌលថ្មីក្នុងក្រុងសាងហៃ នឹងផ្តល់សេវា ដែលរួមមានការពិគ្រោះយោបល់តាមអនឡាញ និងទូរស័ព្ទ ក៏ដូចជាសេវាទិដ្ឋាការដែលលឿនមួយ ដែលឱ្យពួកអ្នកស្នើសុំទទួលបានទិដ្ឋាការមួយ ក្នុងពេលតែមួយថ្ងៃបន្ទាប់ពីពួកគេបានដាក់ពាក្យស្នើសុំរបស់ខ្លួននោះ ។

កាលពីក្នុងឆ្នាំ ២០១៦ ប្រទេសចិន និងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចេញទិដ្ឋាការ ចូលបានច្រើនលើកទៅវិញទៅមកដែលមានសុពលភាព ១០ឆ្នាំ ។

ទីក្រុងសាងហៃ បានបើកផ្លូវអាកាសដោយផ្ទាល់មួយទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីឆ្នាំកន្លងទៅ ។ គេបានគ្រោងបើកផ្លូវអាកាសដោយផ្ទាល់ថែមទៀតដែលភ្ជាប់ទីក្រុងចេងទូ រដ្ឋធានីខេត្តស៊ីឈួន ប្រទេសចិនភាគនិរតី, ទីក្រុងក្វាងជូ ជាមួយអ៊ីស្រាអែលនៅក្នុងខែសីហា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )