ក្រសួងធនធានទឹកកំពុងមមាញឹកក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថាភាពទឹកជំនន់នៅខេត្តស្ទឹងត្រែង

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងធនធានទឹក និងឧត្តុនិយមបានអះអាងថា ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយប៉ុន្តែមិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ។

លោកម៉ោ ហាក់ ប្រធាននាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹកនឹងឧត្តុនិយម បានប្រាប់វិទ្យុជាតិកម្ពុជាថា ជាព័ត៌មានបឋម គិតមកដល់ម៉ោង១០ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

សំឡេង៖” ពីព្រឹកមដល់ ម៉ោង១០នេះថ្ងៃទី២៥ខេកក្កដានេះ ទឹកទន្លេសេកុង ក្នុងស្រុកសៀមប៉ាងមានកម្ពស់ជិត១១ម៉ែត្រកន្លះ ហើយបើនៅតើបន្តឡើងរហូតដល់កម្ពស់១៣ម៉ែត្រនឹងលិចក្រុងសៀមប៉ាង ។ ប៉ុន្តែសន្ទុះទឹកបានកើនក្នុងរយៈពេល៤ម៉ោងឡើងចំនួន១តឹកដូច្នេះ ល្បឿនទឹកគឺនៅយឺតនៅឡើយទេ។ យ៉ាងណាក៏ដោយក្រសួងនៅតែបន្តតាមដានចំពោះស្ថានភាពទឹកជំនន់នេះ”។

លោកបញ្ជាក់ថា ក្រសួងធនធានទឹក និងឧត្តុនិយមបានតាមដានយ៉ាងយកចិត្តទុកដាក់ហើយជួនដំណឹងទៅអាជ្ញាធរឲ្យត្រៀមលក្ខណៈជួយជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។

បើតាមលោកប្រធាននាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹកនឹងឧត្តុនិយមបានឲ្យដឹងថា បើសិនជាមិនមានភ្ញៀងធ្លាក់ច្រើនទៀតទេ ទឹកដែលហូមកពីប្រទេសឡាវចូលកម្ពុជានិងស្រកវិញមកសភាព ធម្មតាវិញក្នុងអំឡុងពេល១០ថ្ងៃខាងមុខ៕