អង្គការសហប្រជាជាតិអំពាវនាវឲ្យគ្រប់ភាគីក្នុងតំបន់ហ្កាស្សាចៀសវាងឈានទៅរកស្ថានភាពមហន្តរាយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួ (២៥.០៧.១៨)

អង្គការសហប្រជាជាតិ៖ មន្រ្តីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសម្របសម្រួលដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាកាលពីថ្ងៃអង្គានេះ បានអំពាវនាវជាថ្មីទៀត ឲ្យភាគីទាំងអស់នៅក្នុងតំបន់ហ្កាស្សា
ចៀសឲ្យផុតពីការឈានទៅរកស្ថានភាពមហន្តរាយមួយដោយសារជម្លោះ ដោយមន្ត្រីនោះបាននិយាយថា
ប្រទេសណា ​ដែលកំពុងព្យាយាមអុជអាលប្រទេសអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន ធ្វើសង្គ្រាមជាមួយគ្នា
នឹងមិនទទួលបានលទ្ធផល ដែលខ្លួនចង់បាននោះទេ ។​

នៅក្នុងឱកាសបង្ហាយរបាយការណ៍ពីស្ថានភាពក្នុងតំបន់នោះក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ
ប្រជាជាតិ មន្រ្តីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសម្របសម្រួលដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា
បាននិយាយថា អង្គការសហប្រជាជាតិ រួមជាមួយប្រទេសអេហ្ស៊ីប បានប្រឹងប្រែងដើម្បីរារំាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ កុំឲ្យឈានទៅរកស្ថានការណ៍ដ៏វិនាសមួយ ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ជនជាតិប៉ាឡេស្ទីន ៤ នាក់ បានស្លាប់ និង ២១០នាក់ទៀតរងរបួសក្នុងពេលមានការប្រយុទ្ធគ្នាដ៏សាហាវមួយរវាងទាហានអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលជាក្រុមកាន់សាសនាឥស្លាមគ្រប់គ្រងនៅតំបន់ហ្កាស្សា ។

ការប្រយុទ្ធគ្នានេះកើតមានឡើងបន្ទាប់ពីទាហានអ៊ីស្រាអែលម្នាក់ ត្រូវបានគេបាញ់សម្លាប់
ហើយគឺជាការប្រយុទ្ធគ្នាមួយដ៏ខ្លំាងបំផុត ចាប់តំាងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីឆ្នំា
២០១៤ ដែលធ្វើឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់ ។​