អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យបញ្ជ្រៀបបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៏ ក្នុងពេលគោរពទង់ជាតិនៅគ្រប់សាលារៀន

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ ក្នុងពេលអញ្ជើញចូលរួមគោរទង់ជាតិនៅសាលាបឋម-វិទ្យាល័យសំបួរមាស សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ ដល់លោកគ្រូ-អ្នកគ្រូនៅគ្រប់សាលារៀនទូទាំងខេត្ត ត្រូវធ្វើការណែនាំ និងបញ្ជ្រៀប អំពីបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៏ គ្រប់ពេលគោរពទង់ជាតិ ដើម្បីឲ្យសិស្សានុសិស្ស មានការយល់ដឹង និងចូលរួមទប់ស្កាត់ឲ្យបានគ្រប់គ្នា ។

ឯកឧត្តម គួច ចំរើន ថ្លែងទៅកាន់សិស្សានុសិស្សក្នុងពេលគោរពទង់ជាតិទាំងនោះថា លោកគ្រូ-អ្នកគ្រូគឺជាអ្នកមានគុណរបស់យើងទី២បន្ទាប់ពីអាណាព្យាបាលដោយបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនផ្តល់នូវដំបូន្មានល្អៗ ការអប់រំ ចំណេះវិជ្ជា ស្មារតី ដោយមិនគិតចង់អ្វីតបស្នងមកវិញ ពោលគឺធ្វើយ៉ាងណាឲ្យតែសិស្សានុសិស្សទទួលបានចំណេះដឹងខ្ពង់ខ្ពស់អាចប្រកបមុខរបរចិញ្ជឹម ឬយកទៅអនុវត្តន៍ការងារជាប្រចាំថ្ងៃកាន់តែរីកចម្រើន។

ដូច្នោះក្នុងនាមសិស្សានុសិស្សគួរតែស្តាប់ការអ់រំណែនាំរបស់លោកគ្រូ-អ្នកគ្រូ និងចូលរួមការងាររបស់សង្គមក្នុងពេលធ្វើដំណើរត្រូវតែពាក់មួកសុវត្ថិភាព ចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ កុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់តាមដងផ្លូវ និងលុបបំបាត់អ្នកញៀនសារធាតុញៀនផងដែរ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៏ទៀតថា សិស្សានុសិស្សត្រូវរួមគ្នាថែរក្សាជីវិតខ្លួនឯងផង និងប្រជាពលរដ្ឋផងដែរ ហើយមិនត្រូវខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍របស់សមត្ថកិច្ចឡើយ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ។ឯកឧត្តមបញ្ជាក់ថា យុវជនគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន ត្រូវយល់ដឹងអំពីផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិផងដែរ ៕