រដ្ឋបាលរាជធានី មានការិយាល័យច្រកចេញចូលតែមួយ សម្រាប់ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អ៊ួង វុធ រូបថត លោក ចន ណារិទ្ធ

រដ្ឋបាលរាជធានីភ្នំពេញ មានការិយាល័យច្រកចេញចូលតែមួយ នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បី ត្រៀមបំរើសេវាសាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែលឿន និងមានតម្លាភាព។

ក្នុងកិច្ចប្រជុំប្រកាសដាក់ឲ្យដំណើរការ អង្គភាពច្រកចេញចូលតែមួយ  របស់រដ្ឋបាលរាជធានីភ្នំពេញ  កាលពីល្ងាចថ្ងែទី ២៤ កក្តដា  នៅសាសារាជធានី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធា នីភ្នំពេញបានមានប្រសាសន៍ថា  ដើម្បី  បង្ខិតសេវាសាធារណះឲ្យកាន់តែកៀកកិតខិតជិតនឹងប្រជាជននោះ  រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅសាលារាជធាភ្នំពេញ ដើម្បី ជំរុញការអនុវត្ត លើការងារបំរើសេវានេះ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ នឹងមានតម្លាភាព ជៀសវាងមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ដែលតែងតែកើតមាកន្លងមក ខណៈដែល ការិយាល័យច្រកចេញចូលតែមួយ នៅតាមបណ្តាលខណ្ឌមួយចំនួន មិនទាន់បំរើសេវា ជូនប្រជាពលរដ្ឋបានល្អប្រសើរនៅឡើយ    ដែលបញ្ហានេះ តម្រូវឲ្យមន្ត្រី ត្រូវពិនិត្យពីការងាររបស់ខ្លួនឡើងវិញ។

ឯកឧត្តម អភិបាលបញ្ជាក់ថា  ការផ្តល់សេវាសាធារណៈលើលិខិតស្នាម ឯកសារ ផ្សេងៗជូនប្រជាពលរដ្ឋនេះ  វាជារឿងសំខាន់ និងចាំបាច់ ដូចជាការផ្តល់សៀវភៅស្នាក់នៅ  អត្តសញ្ញាណប័ណ្ណ និងការផ្លាស់ប្តូរទីលំនៅដ្ឋានជូនប្រជាពលរដ្ឋជាដើម។ ដូច្នេះ  ក្នុងនាមមន្ត្រីដែលអ្នកទទួលការផ្តល់សេវា ជូនប្រជាពលរដ្ឋនេះ  ត្រូវអនុវត្តឲ្យបានល្អជៀសវាងការយកកំរ៉ៃសេវា ខាងក្រៅពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖  ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានបង្កើតឡើង តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃ នៅក្នុងរចនាសម្ព័ន្ធរបស់សាលាក្រុង ស្រុក ខណ្ឌគោលដៅ ដោយផ្អែកលើសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ១២ សសរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨។ ការបង្កើតការិយាល័យទាំងពីរនេះ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន ឲ្យបានឆាប់រហ័សតាមនីតិវិធីសាមញ្ញ ប្រកបដោយតម្លាភាព  គុណភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ៕