ក្នុងឆ្នាំ២០១៧ កម្ពុជាប្រើប្រាស់ប្រភពអគ្គិសនីក្នុងស្រុកចំនួន៨១.៤ភាគរយ ខណៈដែលការនាំចូលពីប្រទេសជិតខាងត្រឹមតែ១៨.៦ភាគរយប៉ុណ្ណោះ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨–​ការអភិវឌ្ឍវិស័យថាមពលអគ្គិសនីនៅកម្ពុជា ប្រភពអគ្គិសនីដែលមាន និងអាចប្រើ ប្រាស់បានមានពីរប្រភព គឺប្រភពអគ្គិសនីដែលបានអភិវឌ្ឍន៍នៅក្នុងស្រុក និងប្រភពអគ្គិសនី ដែលនាំចូលពីប្រទេសជិតខាង ក្នុងនោះ អគ្គិសនីដែលបានមកពីប្រភពអគ្គិសនីក្នុង ស្រុកបានកើនឡើងពី៤៣.៧ភាគរយ នៅឆ្នាំ២០១៣ មក៨១.៤ភាគរយ នៅក្នុងឆ្នាំ២០១៧។

ចំណែកបរិមាណអគ្គិសនីដែលនាំចូលពីប្រទេសជិតខាងបានថយចុះពី៥៦.៣ភាគរយ នៅឆ្នាំ២០១៣ មកត្រឹម១៨.៦ភាគរយ នៅក្នុងឆ្នាំ២០១៧។

នេះបើយោងតាម របាយការណ៍ស្ដីពីសមិទ្ធផល សំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។

​ក្នុងរបាយការណ៍បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានបញ្ឈប់ដំណើរការប្រភពអគ្គិសនី ប្រើប្រេងខ្មៅ២៣.១៦មេហ្កាវ៉ាត់ និងលុបចោលការផលិតអគ្គិសនីប្រើម៉ាស៊ីនម៉ាស៊ូតតូចៗ តាមតំបន់នានា២៧.៦០មេហ្កាវ៉ាត់ផងដែរ ធ្វើឱ្យអានុភាពសរុបនៃប្រភពអគ្គិសនីដែលមាន កើនឡើងពី១.០៨៧,៧៤មេហ្កាវ៉ាត់ នៅឆ្នាំ២០១៣ មក២.២៨៣ មេហ្កាវ៉ាត់ នៅឆ្នាំ២០១៧។

ទន្ទឹមនេះ ក្រៅពីប្រភពអគ្គិសនីដើរដោយវារីអគ្គិសនី និងធ្យូងថ្ម ក្រសួងរ៉ែ និងថាមពល ក៏បានយកចិត្តទុកដាក់ជំរុញការចូលរួមអភិវឌ្ឍន៍ប្រភពអគ្គិសនីស្អាតផងដែរ ដូចជាប្រភព អគ្គិសនីដើរដោយថាមពលព្រះអាទិត្យអានុភាព១០មេហ្កាវ៉ាត់ ក្នុងខេត្តស្វាយរៀង និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀត រួមមានប្រភពថា មពលជីវម៉ាសទំហំ៥៣មេហ្កាវ៉ាត់ ប្រព័ន្ធពន្លឺព្រះ អាទិត្យតាមផ្ទះនៅតំបន់ជនបទ មាន៧៤.០៤០ប្រព័ន្ធ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យសម្រាប់ សាកអាគុយទំហំ១១៣គីឡូវ៉ាត់ ជាពិសេសគម្រោងចង្ក្រានប្រសិទ្ធភាព ឬចង្ក្រាន ប្រណិតបានផលិតចង្ក្រានចំនួន ៣.០៩៣.១៦៧ចង្ក្រាន ដែលរួមមានចង្រ្កាននាងកង្រី និងចង្ក្រានឡូវថ្មី ដែលកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាន ៧៦៧.៦៩៩តោនឧស្ម័នកាបូនិច។

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វារីអគ្គិសនី និងរោងចក្រអគ្គិសនីដុតធ្យូងថ្មដែលបានដាក់ ឱ្យដំណើរការរួមមាន៖ ទី១- វារីអគ្គិសនីគិរីរម្យ១ (វារីអគ្គិសនីដំបូងគេបង្អស់នៅប្រទេសកម្ពុជា) ដែលមានអានុភាព១២មេហ្កាវ៉ាត់ មានទីតាំងនៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង បានដាក់ឱ្យដំណើរការអាជីវកម្មនៅខែកក្កដា ឆ្នាំ២០០៣ ក្នុងរយៈពេលសម្បទាន៣០ឆ្នាំ ដែលបានស្តារ និងសាងសង់ដោយក្រុមហ៊ុន CETIC International Hydropower Development Co., Ltd។ ទី២- វារីអគ្គិសនីកំចាយដែលមានអានុភាព១៩៤,១មេហ្គាវ៉ាត់ មានទីតាំងនៅខេត្តកំពត បានដាក់ឱ្យដំណើរការអាជីវកម្មនៅខែសីហា ឆ្នាំ២០១២ ក្នុងរយៈពេលសម្បទាន៤០ឆ្នាំ ដោយធ្វើការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project Co., Ltd។ ទី៣- វារីអគ្គិសនីគិរីរម្យ៣ ដែលមានអានុភាព១៨មេហ្គាវ៉ាត់ មានទីតាំងនៅ ខេត្តកោះកុង បានដាក់ឱ្យដំណើរការអាជីវកម្មនៅខែកញ្ញា ឆ្នាំ២០១២ ក្នុងរយៈពេលសម្បទាន៣០ឆ្នាំ ដោយធ្វើការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន CETIC International Hydropower Development Co., Ltd។ ទី៤- វារីអគ្គិសនីស្ទឹងតាតៃ ដែលមានអានុភាព១២០ មេហ្គាវ៉ាត់ មានទីតាំងនៅខេត្តពោធិ៍សាត់ បានដាក់ឱ្យដំណើរការអាជីវកម្មនៅខែកញ្ញា ឆ្នាំ២០១៣ ក្នុងរយៈពេលសម្បទាន៣០ឆ្នាំ ដោយធ្វើការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន C.H.D Cambodia Hydropower Development Co., Ltd។ ទី៥- វារីអគ្គិសនីឫស្សីជ្រុំក្រោម ដែលមានអានុភាព៣៣៨មេហ្គាវ៉ាត់ មានទីតាំងនៅខេត្តកោះកុង បានដាក់ឱ្យដំណើរការ អាជីវកម្មនៅខែកក្កដា ឆ្នាំ២០១៤ ក្នុងរយៈពេលសម្បទាន៣០ឆ្នាំ ដោយធ្វើការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន China Huadian Lower Stung Russey Chrum Hydro-Electric Project។ ទី៦- វារីអគ្គិសនីស្ទឹងតាតៃ ដែលមានអានុភាព២៤៦មេហ្គាវ៉ាត់ មានទីតាំងនៅ ខេត្តកោះកុង បានដាក់ឱ្យដំណើរការអាជីវកម្មនៅខែធ្នូ ឆ្នាំ២០១៦ ក្នុងរយៈពេលសម្បទាន៣៧ឆ្នាំ ដោយធ្វើការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន Cambodia Tatay Hydropower។ ទី៧- រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានអានុភាព១០០មេហ្គាវ៉ាត់ មានទីតាំងនៅខេត្ត ព្រះសីហនុ បានដាក់ឱ្យដំណើរការអាជីវកម្មនៅឆ្នាំ២០១៣ សាងសង់ដោយក្រុមហ៊ុន Cambodia Energy Limited។ ទី៨- រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានអានុភាព៤០៥មេហ្គាវ៉ាត់ មានទីតាំងនៅខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការអាជីវកម្មនៅឆ្នាំ២០១៤ (១៣៥MW) ២០១៥ (១៣៥MW) និង២០១៧ (១៣៥MW) សាងសង់ដោយក្រុមហ៊ុន C.I.I.D.G ERDOS HONGJUN ELECTRIC POWER CO., LTD។ ទី៩- រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានអានុភាព១០មេហ្គាវ៉ាត់ មានទីតាំងនៅខេត្តកណ្តាល បានដាក់ឱ្យដំណើរការ អាជីវកម្មនៅឆ្នាំ២០០៨ សាងសង់ដោយក្រុមហ៊ុនសុវណ្ណភូមិ។ ទី១០- គម្រោងវារីអគ្គិសនី សេសានក្រោម២ ជាគម្រោងធំជាងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានអានុភាព៤០០ មេហ្គាវ៉ាត់ មានទីតាំងនៅខេត្តស្ទឹងត្រែង នឹងដាក់ឱ្យដំណើរការអាជីវកម្មនៅចុងឆ្នាំ២០១៧នេះ ដោយការធ្វើការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន Hydro Power Sesan 2 Co., Ltd៕

ដោយ ទេស ច័ន្ទសុធារី