CATA ចង់ឱ្យប្រតិបត្តិករទេសចរចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌ក្នុងប្រទេសកម្ពុជាឱ្យបានច្រើនបន្ថែមកទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨—​សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាហៅកាត់ថា(CATA) ចង់ឱ្យប្រតិបត្តិករទេសចរ និងភ្នាក់ងារពាក់ព័ន្ធចូលរួមអភិវឌ្ឍន៍ និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជាឱ្យបានច្រើនបន្ថែមដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរ អាចចាយលុយបានកាន់តែ ច្រើននៅកម្ពុជា។

​លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមាន ប្រសាសន៍ឱ្យដឹងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះថា ដើម្បីបង្កើនចំនួនភ្ញៀវ ទេសចរ ឱ្យមកទស្សនានៅកម្ពុជាបានកាន់តែច្រើនបន្ថែម ក្រសួងទេសចរណ៍ គួរតែលើកទឹក ចិត្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យបានច្រើនបន្ត ចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា ជាលក្ខណៈកញ្ចប់ទៅកាន់ទេសចរជាតិ និងអន្តរជាតិ។

លោកជំទាវបញ្ជាក់ថា ក្រៅពីលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរ ក្រសួងក៏បានជំរុញ ឱ្យមានការរុញរកនូវរមណីយដ្ឋានទេសចរណ៍ថ្មីៗបន្ថែម ខណៈដែលកម្ពុជាកំពុងផ្តោតសំខាន់ ទៅទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ព្រោះកម្ពុជាសម្បូរធនធានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។

លោកជំទាវបានបន្ថែមថា ដើម្បីឱ្យភ្ញៀវទេសចរយក លុយមកចាយឱ្យបានច្រើននៅកម្ពុជាប្រតិបត្តិករទេសចរ និងភាគីពាក់ព័ន្ធ គួររៀបចំតម្លៃ និងសេវាកម្ម ឱ្យមានលក្ខណៈស្ដង់ដាររួមមួយ ដើម្បីសម្រួលដល់ការចាយវាយ និងស្នាក់នៅ របស់ភ្ញៀវទេសចរ។

សូមរម្លឹកថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ក្នុងឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស កើនឡើងរហូតដល់ ៥.៧លាននាក់ ជាមួយ នឹងកំណើនទាំងនេះ វាក៏ជាឱកាសមួយដ៏ប្រសើរសម្រាប់អ្នកផ្គត់ផ្គង់ លើផ្នែកសេវាស្នាក់នៅ បណ្តោះអាសន្ន ដូចជា ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។
ឯកឧត្តមបន្តថា ប្រសិនបើភាព ល្អប្រសើរនៃវិស័យទេសចរណ៍នៅតែបន្តកំណើនដូច ឆ្នាំ២០១៦-២០១៧កន្លងមកនេះ គឺតម្រូវការបន្ទប់ស្នាក់នៅលំដាប់ស្ដង់ដារ អាចនឹងកើន ឡើងក្នុងរង្វង់ប្រមាណពី ៧.០០០ ទៅ ១៦.០០០បន្ទប់ នៅឆ្នាំ២០២០ខាងមុខនេះ៕

ដោយ ម៉ៅ ចរិយា