អាជ្ញាធរជាតិអប្សរាសាងសង់ទ្វារទឹកមួយកន្លែង ជូនប្រជាពលរដ្ឋនៅសង្កាត់គោកចក ក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨–អាជ្ញាធរជាតិអប្សរាបានសាងសង់ទ្វារទឹកមួយកន្លែង សម្រាប់ផ្គត់ផ្គង់ទឹកដល់ស្រែ ជិត១០០ហិកតា ជូនដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលកំពុងរស់នៅ និងប្រកបរបរ កសិកម្មនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ការសាងសង់ទ្វារទឹកនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយគ្រោងនឹងបញ្ចប់នៅ រយៈពេល៣ខែបន្ទាប់។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទ្វារទឹកនេះមានបណ្តោយជាង២០ម៉ែត្រ និងទទឹងប្រមាណ១៨ម៉ែត្រ ហូរកាត់អូរខ្លូត ដែលរំដោះទឹកភ្លៀងទៅស្ទឹងពួក និងស្ទឹងព្រះស្រុក។ កន្លងមកអ្នកភូមិមាន ទំនប់មួយឈ្មោះទំនប់លោកតាស៊ត់ ដែលបានកសាងឡើងដោយគ្មានបច្ចេកទេស និងទ្វារ ទឹកត្រឹមត្រូវ ហើយត្រឹមតែអាចទប់ទឹក តែមិនមានប្រព័ន្ធបង្ហូរចេញឡើយ នៅពេលមានទឹក ជន់ឡើងខ្លាំងអាចធ្វើឱ្យជន់លិចភូមិប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ។

លោក ភឿន សុឃីម បានឱ្យដឹងទៀតថា ការសាងសង់ទ្វារទឹកនេះក៏ជាគម្រោងរបស់ នាយកដ្ឋានគ្រប់គ្រងទឹកផងដែរ ដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពីក្នុងក្រុងអង្គរ និងក្រុង សៀមរាប ព្រមទាំងដើម្បីរក្សាទឹកក្រោមដីក្នុងតំបន់អង្គរផង និងស្ដុកទឹកទុកប្រើប្រាស់ពេល គ្មានទឹកភ្លៀងឬក្នុងរដូវប្រាំង។
បើយោងតាមការលើកឡើងរបស់លោក ភឿន សុឃីម ឱ្យដឹងថា ទឹកភ្លៀង នៅឆ្នាំនេះក្នុងតំបន់អង្គរ មានភាពយឺតយ៉ាវជាងឆ្នាំមុនបន្ដិច ប៉ុន្តែការគ្រប់គ្រងទឹកគ្មានបញ្ហា ចោទឡើយ។ ក្នុងនោះដែរអ្នកជំនាញទឹកបានបញ្ជាក់ថា ក្រោយមានការស្ដារប្រព័ន្ធបង្ហូរនានា ចាប់ពីឆ្នាំ២០១២មក ក្រុងអង្គរនិងក្រុងសៀមរាប មិនមានជំនន់ទឹកភ្លៀងកើតឡើងឡើយ គឺជន់នៅតំបន់ជាយក្រុងឬនៅផ្នែកខាងក្រោមបន្ដិច បន្ដួចតែប៉ុណ្ណោះ៕

ដោយ ហង្ស សៀក