CNCC ចាប់ឆ្នោតគូប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨–គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា (CNCC) បានចាប់ឆ្នោតជ្រើសរើសគូ ប្រកួត កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការរបស់ខ្លួនក្នុងពហុកីឡ ដ្ឋានជាតិអូឡាំពិក សម្រាប់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ថ្នាក់ជាតិ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០១៨ ក្រោយពីរកឃើញក្រុមទាំង៨ ដែលបានទម្លាក់គូប្រកួតរបស់ខ្លួននៅវគ្គ១៦ក្រុម កាលពីសប្តាហ៍មុន។

ពិធីចាប់ឆ្នោតបង្ហាញលទ្ធផលជាផ្លូវការនោះ រួមមាន៖ ក្រុមអង្គរថាយហ្គឺរនឹងត្រូវប្រកួតជា​មួយភ្នំពេញក្រោន ស្របពេលដែលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិប៉ះជាមួយក្រុម​ខេត្ត កោះកុង ឬក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ​ ដែលនឹងត្រូវកាត់សេចក្តី មួយ ប្រកួតទៀតជាមួយគ្នា នៅជើងទី២ បញ្ចប់វគ្គ១៦ក្រុម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។

ចំពោះក្រុមម្ចាស់ជើងឯករដូវកាល២០១៦ ក្រសួងការពារជាតិនឹងត្រូវប្រកួត ជាមួយក្រុមការ ពារម្ចាស់តំណែងជើងឯក រដូវកាល២០១៧ ព្រះខ័នរាជស្វាយរៀង ស្របពេលដែលក្រុមបឹង កេតនឹងត្រូវស្វែងរកជ័យជម្នះជាមួយក្រុមណាហ្គាវើល។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយ សម្រាប់ជើងទី១នឹងត្រូវដំណើរការនាថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨ខាងមុខ ហើយនៅជើទី២ នឹងត្រូវដំណើរការ នាថ្ងៃទី០៨ ខែសីហា ដើម្បីកាត់សេក្តី​ថាតើក្រុមខ្លាំងៗណាខ្លះ ដែលបន្តក្តោប ក្តាប់កៅអីនៅវគ្គ៤ក្រុ​មចុងក្រោយ ឬវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រជាបន្តទៀត។
លេខាប្រតិបត្តិរបស់ CNCC លោក ឆាំង ពិសិដ្ឋ បានឱ្យដឹងថា តាមរយៈការចាប់គូប្រកួតនេះ នឹងធ្វើឱ្យគ្រប់ការប្រកួតកាន់តែទាក់ទាញ ពីព្រោះថាក្រុមនីមួយៗសុទ្ធតែមានបទពិសោធន៍ ខ្លាំងៗ ដែលព្រឹត្តិការណ៍កីឡា បាល់ទាត់ថ្នាក់ជាតិលំដាប់ទី២នេះប្រើប្រាស់ធនធានកីឡាករ ក្នុងស្រុកសុទ្ធសាធ។

គួររម្លឹកថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៨នេះ ត្រូវបានCNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចែកចេញជា ២ថ្នាក់ គឺពានរង្វាន់ថ្នាក់ខេត្ត ដែលមានបណ្តាក្រុមនានាទូទាំងប្រទេសចូលរួមប្រកួតប្រជែង ហើយពានរង្វាន់ថ្នាក់ជាតិ គឺគិតត្រឹមវគ្គ១៦ក្រុម ដែល ៤ក្រុមបានមកពីក្រុមខ្លាំងៗ បានឡើង ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត និង១២ក្រុម ដែលកំពុងឈរនៅ ក្នុងក្របខ័ណ្ឌលីគ កំពូលកម្ពុជាឆ្នាំនេះ៕


ដោយ ហេង ណាលីន