ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងឈានចូលជិតមកដល់ហើយសូមប្រជាពលរដ្ឋមាន ឈ្មោះបោះឆ្នោតអញ្ជើញបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨–​សល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដែលនឹងឈានចូលជិតមកដល់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដូចជាបណ្តាគណបក្សនយោយ បាយ ដែលបានកំពុងមមាញឹកក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត បានអំពាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតទាំងអស់ ដែលនឹងបើកទ្វារទទួលអ្នកបោះឆ្នោតចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។

តាមឯកសាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ២០គណបក្ស និងមានអ្នកបោះឆ្នោតជាង ៨លាននាក់ ដើម្បីជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦ ចំនួន១២៥រូប តំណាងឱ្យរាជធានី ខេត្តទាំង២៥ ក្រោមការសង្កេតការណ៍របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់។

តាមសេចក្តីជូនដំណឹងរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលចុះថ្ងៃទី២៣ ខែកក្កដា បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មការសម្របសម្រួលការងារអ្នក សង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងធ្វើពិធីផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានអំពីការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលពិធីនេះនឹងត្រូវធ្វើឡើងនៅអគារអិល នៃមជ្ឈមណ្ឌលកោះពេជ្រ វេលាម៉ោង៥ និង៣០នាទីល្ងាចនេះ ដោយក្រុមអ្នកសារព័ត៌មានទាំងអស់ត្រូវបានអញ្ជើញឱ្យចូលរួម៕

ដោយ ប៉ាល់ សុង