លទ្ធផល​នៃការចុះបញ្ជីដីធ្លី​ គិតឆ្នាំ​២០១៧កន្លងទៅនេះ ចែក​ប័ណ្ណ​ដល់ដៃប្រជាពលរដ្ឋបាន​ចំនួន៤.៦៤៧.៨៨៦ប័ណ្ណ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨–តាមលទ្ធផលសរុប​នៃការចុះបញ្ជីដីធ្លី​ គិត​ចាប់ពីពេល​ចាប់ផ្តើម​មកដល់ត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០១៧នេះ សម្រេចចែក​ប័ណ្ណ​ដល់ដៃប្រជាពលរដ្ឋបាន​ ៤.៦៤៧.៨៨៦ប័ណ្ណ ស្មើនឹង​៦៦.៤ភាគរយ នៃ​ក្បាលដីប៉ាន់ស្មាន​ ៧លាន​ក្បាលដី​។

ចំពោះការចុះបញ្ជី​ដីសហគមន៍​ជនជាតិដើមភាគ​តិច​សម្រេចបាន​១៩សហគមន៍​ ស្មើនឹង​៥១៩ប័ណ្ណ ទំហំ​១៦.២៧១ហិកតា ស្មើនឹង​១.៧៨៤គ្រួសារ។​

នេះបើយោងតាមរបាយការណ៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។

យោងតាមរបាយការណ៍បានបញ្ជាក់ថា លទ្ធផលសរុបនៃការដោះស្រាយ​គិតចាប់ពីពេលចាប់ផ្តើម​មកដល់ត្រឹមថ្ងៃទី​៣១ ខែ​​ធ្នូ ឆ្នាំ​២០១៧នេះ ទទួលបណ្តឹង​៨.៤៥៥ករណី​ ក្នុងនោះ​ដោះស្រាយបញ្ចប់​ ៣.៧៥០ករណី​ ច្រានចោល​ ២.៧២០ករណី​ និង​ដកបណ្តឹង​ ៨៣១ករណី​។

​ជាមួយគ្នានេះ ក្រសួងបាន​សម្រេច​នូវសមិទ្ធផល​សំខាន់ៗចំនួន​២ លើការអភិវឌ្ឍលំនៅឋាន ដោយសហការ​ជាមួយក្រុមហ៊ុន​អភិវឌ្ឍន៍ជប៉ុន ARAKAWA ក្នុងការអភិវឌ្ឍឡើងវិញ​អាគារ​ប៊ូឌិញ​ “ស” ដោយប្រជាពលរដ្ឋទាំង​៤៩២គ្រួសារ បានយល់ព្រម​លក់ចំណែក​ឯកជន​របស់ខ្លួន​ជូនភាគីក្រុមហ៊ុន​ដោយសេចក្តីរីករាយ​ ហើយនេះជា​ដំណោះស្រាយ​ដ៏ត្រចះ​ត្រចង់​មួយ​ ដែលគ្រប់មជ្ឈដ្ឋាន​ បាន​ផ្តល់​ការកោតសរសើរ និង​ចាត់ទុកជាគំរូ​សម្រាប់ការ​ដោះស្រាយ​បញ្ហាលំនៅដ្ឋាន​ដែល​លក្ខណៈ​ស្រដៀងគ្នា​នៅទីតាំង​ដទៃទៀត​ និង​បានឆ្លុះ​បញ្ចាំងឱ្យឃើញ ​ឆន្ទៈយ៉ាងមោះ​មុត​​របស់រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍលំនៅឋានដែលមាន​តម្លៃ​សមរម្យសម្រាប់គ្រួសារ​ប្រជាពលរដ្ឋដែល​មានប្រាក់ចំណូលទាប និង​មធ្យម​ ដោយមានការគោរពសិទ្ធិប្រជាពលរដ្ឋក្នុងការទទួលបាន​លំនៅឋានសមរម្យ​ប្រកបដោយ​សេចក្តីថ្លៃថ្នូ​រ។​

ទន្ទឹមនេះ តាមរយៈការសហការជាមួយវិស័យឯកជន​ក្នុងការបើកការដ្ឋានសាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍​ និង​ប្រជាពលរដ្ឋមាន​ប្រាក់ចំណូលមធ្យម និង​ប្រាក់ចំណូលទាប​នៅលើទីតាំងចំនួន​៣​ រួមមាន គម្រោង​លំនៅឋានទី​១ បានបើកការដ្ឋានសាងសង់នាថ្ងៃទី០​៧ ខែមករា ឆ្នាំ២០១៧ មាន​ ២. ២៩៧ខ្នង​ សាងសង់លើផ្ទៃដីទំហំ​២៤ហិកតា​ មាន​ទីតាំងនៅភូមិកោះគរ ឃុំ​រការខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​ អនុវត្ត​ន៍ដោយ​ក្រុមហ៊ុន​វើលប្រីដ៍ហូម ខូ អិលធីឌី (WorldBridge Home Co., Ltd.)។

គម្រោង​លំនៅឋានទី២ បាន​បើកការដ្ឋាន​សាងសង់​នាថ្ងៃទី០​២ ខែ​ឧសភា ឆ្នាំ​២០១៧ មាន​ ៥.៣៤០ខ្នង​ សាងសង់លើផ្ទៃដីទំហំ​៨០ហិកតា​ មាន​ទីតាំងស្ថិតនៅ​ភូមិស្លែងដីដុះ​ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត​កណ្តាល​ ​អនុវត្ត​ន៍ដោយ​​ក្រុមហ៊ុន​ប៊ី​និង​ប៊ីអឹម​ឌីវើឡុបមិន​ខូអិលធីឌី (B&BM Development Co., Ltd.) និង​គម្រោង​លំនៅឋានទី​៣ បាន​បើកការដ្ឋានសាងសង់​នាថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មាន​១.៦៣២។ ចំណែកឯកជន​ សាងសង់លើផ្ទៃដីទំហំ​១៣.៦៨០ម៉ែត្រ​ក្រឡា​ មាន​ទីតាំងស្ថិតនៅ​ភូមិ​ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ អនុវត្ត​ន៍ដោយ​ក្រុមហ៊ុន​ជប៉ុន ARAKAWA។

ចំពោះការបែងចែក​ដីក្នុងគោលដៅ​សម្បទានដីសង្គមកិច្ច​ និង​ប្រទានកម្ម​ ក្រសួងបានបែងចែកសម្បទានដីសង្គមកិច្ច​ជូនអតីតកងកម្លាំង​ប្រដាប់អាវុធ​ និង​គ្រួសារ​ ១.០៩៣គ្រួសារ ក្នុង​ខេត្ត​៦ គឺ​ខេត្ត​ព្រះសីហនុ​ សៀមរាប រតនគិរី​ ស្ទឹងត្រែង កោះកុង និង​ខេត្ត​ស្វាយរៀង។​

សម្បទានដីសង្គមកិច្ច​ជូន​ប្រជាពលរដ្ឋក្រីក្រ​ស៊ីវិលទូទៅ​ (បងប្អូន​ជនជាតិខ្មែឥស្លាម) ៤០គ្រួសារ​ នៅក្នុង​ខេត្តកំពង់ស្ពឺ។​ សម្បទានដីសង្គមកិច្ច​ជូន​កងកម្លាំងឈរជើង​ និង​គ្រួសារ​តាមបណ្តោយ​ព្រំដែន​១១៩គ្រួសារ។
បាន​ផ្គត់ផ្គង់​គ្រឿងបង្គុំ​សម្រាប់​សាងសង់ផ្ទះជូន​គ្រួសារយោធិន​ និង​នគរបាល​តាមបណ្តោយ​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​ ឧត្តរមានជ័យ​ ស្វាយរៀង​ និង​ខេត្ត​ស្ទឹងត្រែង​ បាន​២.៩១០ខ្នង​។​

គម្រោង​បែងចែក​ដី​ដើម្បីសង្គមកិច្ច​ និងការអភិវឌ្ឍសេដ្ឋកិច្ច​ជំហានទី​២​ បាន​គាំទ្រ​មធ្យោបាយ​កសិកម្មគ្រប់ប្រភេទ​ទាំងហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ រួមទាំងផ្តល់​ប្រាក់កម្ចី​សម្បទា​និក​៤.៤៤១គ្រួសារ​ ដើម្បីគាំទ្រ​ដល់ជីវភាព​រស់នៅរបស់ពួកគាត់។​

ទន្ទឹមនេះ រាជរដ្ឋាភិបាល​បានចេញ​បទបញ្ជា​លេខ​០១បប ចុះថ្ងៃទី០​៧ ខែ​ឧសភា ឆ្នាំ​២០១២ ​ស្តីពីវិធាន​ការពង្រឹង​ និង​បង្កើន​ប្រសិទ្ធភាព​នៃការគ្រប់គ្រងសម្បទាន​ដីសេដ្ឋកិច្ច​ ជាអាទិ៍​ផ្អាក​ជា​​បណ្តោះអាសន្ន​ នូវការ​ផ្តល់ដីសម្បទានសេដ្ឋកិច្ច​ និង​ការដាក់ចេញនូវ​វិធានការមួយ​ចំនួន​ ដើម្បីផ្តល់ផល​ប្រយោជន៍ពិត​ប្រាកដជូនដល់​​ប្រទេសជាតិ​ និង​ប្រជាជន​ប្រកបដោយ​ចីរភាព។​
យោងតាមរបាយការណ៍បង្ហាញថា សំណង់​នៅទូទាំងប្រទេស គិត​ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧ បានចេញលិខិត​អនុញ្ញាត​សាងសង់​ចំនួន​៤០.២៦៩ គម្រោង​ ដែលមានផ្ទៃ​ក្រឡាសំណង់សរុប ១០២.៨៧០.៤៣២ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគសរុប​ប្រមាណ​ ៣៨.១៤១.៤៧២.៨៥៧​ដុល្លារអាម៉េរិក។​

សូមបញ្ជាក់ថា ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ និងការគ្រប់គ្រង​ការដ្ឋានសំណង់​ គឺបានបែងចែកតាមឋាននុក្រម​ដូចជា សំណង់មាន​ទំហំ​ផ្ទៃក្រឡាកម្រាលក្រោម​ ៥០០ម៉ែត្រការ៉េ ត្រូវស្ថិតក្រោម​សមត្ថកិច្ច​រដ្ឋបាល​ស្រុក​ ខណ្ឌ សម្រាប់​លំនៅដ្ឋាន​ និងសំណង់​មានទំហំ​ក្រឡាក​ម្រាលចាប់ពី​៥០០ម៉ែត្រការ៉េ ដល់​៣.០០០ម៉ែត្រការ៉េ ត្រូវស្ថិតក្រោម​សមត្ថកិច្ច​របស់​រដ្ឋបាល​រាជធានី ខេត្ត​។

ចំណែក សំណង់មានទំហំផ្ទៃក្រឡា​កម្រាលលើសពី​៣.០០០ម៉ែត្រការ៉េ ត្រូវស្ថិតក្រោម​សមត្ថកិច្ច​ថ្នាក់ក្រសួងរៀបចំ​​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​៕

ដោយ ទេស ច័ន្ទសុធារី​