សម្ដេចចៅហ្វាវាំង ៖ ការបោះឆ្នោត គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ

AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ -សម្ដេចចៅហ្វាវាំង គង់ សំអុល តំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន ២៥០គ្រួសារ កាលពីថ្ងៃចន្ទ ១១កើត ខែទុតិ យាសាឍ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងឱកាសជួបសណេះសំណាលនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខ សេចក្ដីនឹករលឹក និងពរជ័យសិរីមង្គលមហាប្រសើរ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសេចក្ដីសួរសុខទុក្ខ ពីសម្ដេចសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, និងជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ។

សម្ដេចចៅហ្វាវាំង បានលើកឡើងអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ មិនតែប៉ុណ្ណោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនា សម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀនគ្រប់កម្រិត មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។

សម្ដេចចៅហ្វាវាំង បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវមានតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ ដោះស្រាយនូវសំណូមពរ និងសេចក្ដីត្រូវការចាំបាច់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានអាកប្បកិរិយារួសរាយ រាក់ទាក់ ទន់ភ្លន់ជានិច្ច ។ ត្រូវចូលរួមចំណែកការពារធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ បង្កបរិយាកាស និងការពារសន្តិសុខដល់គ្រប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះទាំងអស់ ទាំងក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត ទាំងពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត។

ជាមួយគ្នានេះដែរ សម្ដេចចៅហ្វាវាំងបានបញ្ជាក់ថា ការបោះឆ្នោត គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់គ្នា ៕

ដោយ សោម ឫទ្ធី