មេបញ្ជាការរងក្រុម IS ក្នុងប្រទេសអាហ្វហ្កានីស្ថានខាងជើងស្លាប់

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ — អ្នកនាំពាក្យប៉ូលិសម្នាក់នៅក្នុងតំបន់ភាគខាងជើង បាននិយាយពីថ្ងៃចន្ទថា មេបញ្ជាការរង ក្រុមរដ្ឋអ៊ីស្លាម ( IS ) ក្នុងតំបន់ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន ដែលវាយប្រហារដោយសង្គ្រាមនោះបានស្លាប់។

លោក សាយ៉េដ សារវ៉ារ ហ៊ូស្សែនី បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា មេបញ្ជាការរងក្រុម ភេរវជនរដ្ឋអ៊ីស្លាម ដែលប្រើឈ្មោះជាច្រើន ដែលរួមមានឈ្មោះ មូលឡា សារវ៉ារ និង ការី រ៉ាអ៊ុហ្វ ដើម្បី លាក់អត្តសញ្ញាណរបស់គាត់នោះ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយ កងកម្លាំងសន្តិសុខនៅក្នុងស្រុក ដារហ្សាប់ នៃខេត្ត Jawzjan ភាគខាងជើងកាលពីយប់ថ្ងៃអាទិត្យ ។ អ្នកនាំពាក្យនោះបាននិយាយថា ពួកសកម្មប្រយុទ្ធ៥នាក់ទៀតក៏បានស្លាប់ផងដែរនៅក្នុងការ បង្ក្រាបនេះ។

ដោយមិននិយាយពីការខូចខាតដែលអាចមានដល់កងកម្លាំងសន្តិសុខនោះ លោក ហ៊ូស្សែនី បានពណ៌នាលោក មូលឡា សារវ៉ា ថា ជាជនទុយ៌ស ដោយនិយាយថា ពួកសកម្មប្រយុទ្ធ IS នឹងបាត់បង់នូវ មូលដ្ឋានថែមទៀតបន្ទាប់ពីការស្លាប់មេបញ្ជាការរងរបស់ខ្លួននៅក្នុងតំបន់ភាគខាងជើង។ ពួកសកម្មប្រយុទ្ធ IS ដែលចូលរួមនៅក្នុងការប្រយុទ្ធទល់ជាមួយកងកម្លាំងរដ្ឋាភិបាល ហើយនឹង ក្រុមតាលីបង់ ដែលជាគូប្រជែងនៅក្នុងស្រុក ដារហ្សាប់ និង គូសតេប៉ា នៃខេត្ត Jawzjan ភាគខាងជើងនោះ មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ ស្តីពីសេចក្តីរាយការណ៍នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )