ប៉ូលិសថៃរឹបអូសយកបានថ្នាំមេតាំហ្វេតាមីនជិត ១០លានគ្រាប់នៅជាយក្រុងបាងកក

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ — ឧត្តមសេនីយ៍ប៉ូលិសម្នាក់បាននិយាយពីថ្ងៃចន្ទថា ថ្នាំមេតាំហ្វេតាមីនជិត ១០លានគ្រាប់ ដែលច្រើនលើសពីមុនៗ ត្រូវគេរឹបអូសយកបានកាលពីថ្ងៃអាទិត្យនៅជាយក្រុងបាងកកភាគខាងជើង ។ តាមស្នងការរងប៉ូលិសជាតិ ឧត្តមសេនីយ៍ ចាឡឺមខ្យាត ស្រ៊ីវ៉ូរ៉ាខាន់ ( Chalermkiat Srivorakhan ) ឱ្យដឹងថា ប៉ូលិសការិយាល័យបង្ក្រាបជាតិណាកូទិច បានវាយឆ្មក់អាគារមួយ នៅក្នុងស្រុកក្លុងលួង នៃខេត្តបាធុមថានី ចម្ងាយប្រហែល ៤០គីឡូម៉ែត្រខាងជើងក្រុងបាងកក ជាកន្លែងដែលថ្នាំគ្រាប់នេះប្រមាណ ៩.៨៥៩ .០០០គ្រាប់ត្រូវបានគេរកឃើញ ដែលគេលាក់នៅខាងក្នុងអាគារនោះ ។

លើសពីនេះ ប៉ូលិសរឹបអូសយកបានថ្នាំមេតាំហ្វេតាមីនគ្រីស្តាល់ ៥០ ក្រាម ព្រមជាមួយថ្នាំគ្រាប់ជិត ១០លានគ្រាប់នេះ ។ អ្នកជូញដូរគ្រឿង ញៀនដែលគេសង្ស័យ២នាក់ ដែលគេស្គាល់ថា ឈ្មោះ ជីរ៉ាវ៉ាត់ ចាត – ងឿន និង វ៉ាថាន់យូ កៀនចៃ បានរត់គេចខ្លួនរួចយ៉ាងប្រផិត ប្រផើយកាលពីយប់ថ្ងៃសៅរ៍ ។ ឧទ្ធម្ភាគចក្រប៉ូលិសមួយគ្រឿង ព្រមទាំងសត្វឆ្កែបានចូលរួមនៅក្នុងការតាមប្រមាញ់ជនសង្ស័យគ្រឿងញៀន ដែលបច្ចុប្បន្ននៅមិនទាន់ចាប់បាននោះ ។ តាមមេរងប៉ូលិសរូបនេះឱ្យដឹងថា ពួកគេត្រូវបានជួលដែលគេបានចោទប្រកាន់ដោយពួកជនទាំង ឡាយដែលមានជាប់ទាក់ទងជាមួយពួកឧទ្ទាម Wa នៅភាគខាងត្បូង ដែលគេចោទប្រកាន់ថា បានដំណើរ ការផលិតដ៏ច្រើនថ្នាំមេតាំហ្វេតាមីន នេះនៅក្នុងរដ្ឋសាន របស់ប្រទេសមីយ៉ាន់ម៉ា ដែលនៅទល់មុខនឹងខេត្ត ឈៀងរ៉ៃ ក្នុងប្រទេសថៃភាគខាងជើង ៕ ( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )

ប្រទេសវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋម៉ិចស៊ីកូ AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅម៉ិកស៊ីកូ លោក Nguyen Hoai Duong បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Zacatecas ភាគកណ្តាលម៉ិកស៊ីកូកាលពីនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែកក្កដា។ ក្នុងជំនួបជាមួយអភិបាលរដ្ឋ Zacatecas លោក Alejandro Tello Cristerna ឯកអគ្គរដ្ឋទូត Duong បានសង្កត់ធ្ងន់ ទៅលើសក្តានុពលកិច្ចនៃសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យវិនិយោគ ពាណិជ្ជកម្មកសិកម្ម ការអប់រំ ទេសចរណ៍ និងវប្បធម៌។

លោកបានថ្លែងអំណរគុណដល់រដ្ឋបាលរដ្ឋ Zacatecas ដែលបានគាំទ្រដល់គម្រោងកិច្ចសហ-ប្រតិបត្តិការវេជ្ជសាស្ត្ររវាងសាកលវិទ្យាល័យ Autonomous Zacatecas (UAZ) និងមន្ទីរពេទ្យជាតិនៃការចាក់ម្ជុលវិទ្យាសាស្ត្រក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។

អ្នកការទូតរូបនេះបានសម្តែងនូវជំនឿជឿជាក់ថា កិច្ចព្រមព្រៀងទូលំទូលាយ និងភាពរីកចម្រើនសម្រាប់ភាពជាដៃគូឆ្លងកាត់ប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាម និងម៉ិកស៊ីកូជាសមាជិក នឹងជួយរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងគ្រប់វិស័យ ជាពិសេសនៅក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ លោក Alejandro Tello អភិបាលខេត្ត Zacatecas មានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាខេត្តនៅក្នុងប្រទេសវៀតណាម។

លោកបានកោតសរសើរដល់គ្រូពេទ្យវះកាត់វៀតណាម សម្រាប់ការព្យាបាលអ្នកជំងឺរាប់រយរាប់ពាន់នាក់នៅរដ្ឋ Zacatecas និង ការបណ្តុះ បណ្តាលសម្រាប់និស្សិតនៅ UAZ ។

មន្ត្រីរូបនោះបាននិយាយថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរួមជាមួយគណៈប្រតិភូធុរកិច្ចពីរដ្ឋ Zacatecas ដើម្បីស្វែង យល់ពីឱកាសសហប្រតិបត្តិការលើវិស័យវិនិយោគទុនជាមួយ បណ្តាខេត្តនានានៃប្រទេសវៀតណាម៕ ( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

អនុប្រធានាធិបតីចិនអំពាវនាវឱ្យមានទំនាក់ទំនងចិន – អាហ្វ្រិកកាន់តែជិតស្និទ្ធថែមទៀត AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ អនុប្រធានាធិបតីចិន លោក វ៉ាង គីសាន ( Wang Qishan ) បាននិយាយពីថ្ងៃចន្ទថា ចិននឹងបន្ត ថែរក្សានូវនយោបាយ នៃភាពស្មោះត្រង់ , ពន្ធភាព និង ភក្តីភាពដ៏ល្អ , អនុវត្តន៍នូវយុត្តិធម៌ ព្រមទាំងស្វែងរកនូវផលប្រយោជន៍ដែលបានចែករំលែកគ្នា ដើម្បីនាំយកនូវទំនាក់ទំនងចិន – អាហ្វ្រិកឱ្យឡើងទៅដល់កម្រិតដែលកាន់តែខ្ពស់មួយ ។
លោក វ៉ាង បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងធ្វើសុន្ទរកថា មួយនៅឯពិធីបើកវេទិកាប្រជាជនចិន – អាហ្វ្រិកលើកទី៥ នៅក្នុងទីក្រុង ចេងទូ ប្រទេសចិនភាគនិរតី ។

លោក វ៉ាង បាននិយាយថា ប្រជាជនចិន និងប្រជាជនអាហ្វ្រិក មានភាពស្និទ្ធស្នាល នឹងគ្នាដូចជាសមាជិកគ្រួសារ ដោយការចែករំលែកនូវ សុភមង្គល និងការលំបាកវេទនា ​ព្រមទាំងជាសម្ព័ន្ធមិត្តពីធម្មជាតិ ដោយលោកនិយាយបន្ថែមថា ចាប់តាំងពីកិច្ចប្រជុំកំពូល ហ្សូហានេស្បឺក នៃវេទិកាកិច្ចសហប្រតិបត្តិការចិន – អាហ្វ្រិក ក្នុងឆ្នាំ ២០១៥ មក កិច្ចសហប្រតិបត្តិការចិន – អាហ្វ្រិក បានផ្តល់ឱ្យនូវផ្លែផ្កាយ៉ាង ច្រើនក្រៃលែង ហើយទំនាក់ទំនងចិន – អាហ្វ្រិក បានចូលដល់សករាជថ្មីមួយ ។

លោក វ៉ាង បាននិយាយថា បន្ទាប់មកទំនាក់ទំនង រដ្ឋ និងរដ្ឋ គប្បីអនុវត្តន៍ដោយប្រជាជន ហើយ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងចិន និងអាហ្វ្រិក មានទស្សនីយភាពដ៏ធំទូលាយមួយ ក្នុងការកសាងសហគមន៍ មួយដែលកាន់តែជិតស្និទ្ធជាមួយអនាគត ដែលបានចែករំលែកគ្នាមួយ សម្រាប់ប្រទេសចិន និងអាហ្វ្រិក ។ លោកបានអំពាវនាវដល់អង្គការសង្គមនានា ព្រមទាំងបុគ្គលិក មកពីចិន និង អាហ្វ្រិកឱ្យជំរុញនូវជំនឿទុក ចិត្តគ្នាទៅវិញទៅមកខាងនយោបាយ , ធ្វើការសម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៅក្នុងសេដ្ឋកិច្ច , សិក្សាពីវប្បធម៌របស់គ្នាទៅវិញទៅមក ព្រមទាំងធ្វើការសម្របសម្រួលក្នុងការធ្វើអន្តរកម្មពហុភាគី៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )