ប្រជាពលរដ្ឋស្រុកកោះសូទិន ជាង១ពាន់គ្រួសារ បានទទួលបណ្ណកម្មសិទ្ធិដី និងផ្ទះស្របច្បាប់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោក ចន ណារិទ្ធ

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិចំនួន៣ គឺភូមិមហាលាភជើង ភូមិមហាលាភត្បូង និងភូមិចុងព្រែក ក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាមចំនួន១១២០គ្រួសារ បានទទួលបណ្ណកម្មសិទ្ធិដីកាន់កាប់ប្រើប្រាស់ស្របច្បាប់។ ពិធីចែកបណ្ណកម្មសិទ្ធិដីនេះ បានធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ស្ថិតក្នុងអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីក្រោមឱវ៉ាតរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា បណ្ណកម្មសិទ្ធិកាន់ដីធ្លីដែលប្រគល់ជូននៅពេលនេះបន្ទាប់ពីផ្នែកជំនាញរបស់មន្ទីររៀប ចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្ត និងអាជ្ញាធរ បានធ្វើការវាស់វែង ត្រឹមត្រូវតាមប្រព័ន្ធបច្ចេកទេស សម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋទុកជាភ័ស្តតាង និងជាឯកសារសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដូច្នេះសូមបងប្អូន ត្រូវថែរក្សា និងទុកដាក់ឱ្យបានល្អ ។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលក្រោមដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបន្តអនុវត្តន៍គោលនយោបាយ ការវាស់វែង ការចុះបញ្ជី និងការផ្តល់កម្មសិទ្ធិដីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដើម្បីគ្រប់គ្រង និងប្រើប្រាស់លើដីធ្លីទាំងនោះស្របច្បាប់ ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតកទៅឱ្យកូនចៅជាដើម ។

ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើ និងអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដាខាងមុខនេះ ឱ្យបានគ្រប់គ្នា ព្រោះការបោះឆ្នោតនេះ មានតែមួយថ្ងៃគត់ ដើម្បីសម្រេចនូវជោគវាសនារបស់ប្រទេសជាតិទាំងមូល ៕