បណ្ណបើកបររថយន្តជិត២៨ម៉ឺនសន្លឹក ត្រូវបានផ្តល់ជូនប្រជាពល​រដ្ឋ រាជធានីភ្នំពេញ ​ក្នុងរយៈ​ពេល១១ឆ្នាំកន្លងមក

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ៖ លោក ចន ណារិទ្ធ

រាជធានីភ្នំពេញ៖ បណ្ណបើកបររថយន្តជិត២៨ម៉ឺនសន្លឹក ក្នុងនោះមានប្រឡងយកបណ្ណថ្មី ពន្យា និង​ជ្រុះ​បាត់បណ្ណ ត្រូវបានអង្គភាពផ្តល់បណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរ​សាធារណ​ការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្តល់ជូនសម្រាប់រយៈពេល១១ឆ្នាំកន្លងមកនេះ ។

លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃ​មន្ទីរ​សា​ធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំកន្លងមក គឺ​គិត​ពីថ្ងៃទី០១ ខែ​មិថុនា ឆ្នាំ២០០៧ ដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៨ អង្គភាពរបស់លោក បាន​ផ្តល់បណ្ណបើកបររថយន្ត ជូនប្រជាពលរដ្ឋ បានចំនួន ៦១.៥៧៨ បណ្ណ ក្នុងនោះ មានប្រឡង​យក​បណ្ណថ្មីចំនួន២៧.៧០២ បណ្ណ និងប្តូរឬពន្យាបណ្ណដែលហួសសុពលភាព មានចំនួន ៣៣.៨៧៧ បណ្ណ ។ លោកបន្តថា ប្រជាពលរដ្ឋ​រស់នៅក្នុងរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង មាន​ប្រ​មាណ​ជាង៩សែននាក់ ប៉ុន្តែអ្នកមានបណ្ណ បើកបររថយន្ត មានតែជិត២៨ម៉ឺននាក់ប៉ុណ្ណោះ ក្នុង​នោះ ផុតសុពលភាពរាប់ម៉ឺននាក់ថែមទៀត ។

យោងតាមរបាយការណ៏ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​ឲ្យដឹង​ថា ក្នុង​រយៈពេល១០ឆ្នាំ គឺគិតពីថ្ងៃទី០៣មេសា២០០៧ដល់ថ្ងៃទី០៦ មិថុនា២០១៧ អង្គភាព​ផ្តល់​​​បណ្ណ័បើកបរនិងសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានផ្តល់បណ្ណបើកបររថយន្តជូនប្រជាពលរដ្ឋបាន​​​​ចំនួន២១៥.៤៨៧ បណ្ណ ក្នុងនោះ មានប្រឡងយកបណ្ណថ្មី និងពន្យាបណ្ណដែល​ហួសសុពល​ភាព ។ ចឹងមានន័យថា ចាប់​ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ អង្គភាពនេះ បានជាង២១ម៉ឺនសន្លឹក បើបូក​ជាមួយរយៈពេល១ឆ្នាំ ពីពាក់​កណ្តាលឆ្នាំ២០១៧ដល់ពាក់កណ្តាលឆ្នាំ២០១៨ ដែលមាន​ចំនួន​ជាង​​​៦ម៉ឺនថែមទៀតនោះ គឺសរុប​រយៈ​ពេល១១ឆ្នាំមានជិត២៨ម៉ឺនបណ្ណបើកបរហើយ ដែល​អង្គ​ភាពផ្តល់បណ្ណ័បើកបរ ផ្តល់ជូនប្រជាពលរដ្ឋ ។ របាយការណ៏ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់​នៅ​ក្នុងរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង មាន​ជាង​៩សែននាក់ ប៉ុន្តែអ្នកមានបណ្ណ បើកបរ​រថយន្ត មានតែជាង២សែននាក់ប៉ុណ្ណោះ ក្នុងនោះ ផុតសុ​ពល​ភាព​ប្រមាណជាង៣ម៉ឺន​នាក់ថែម​ទៀត ។

ទាក់ទិន្នទៅនឹងការទទួលប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើបAEON MALLរាជធានីភ្នំពេញ លោក ឡូវ នីកូវឌ្ឍនា បានឲ្យដឹងថា ជាលទ្ធផល ក្នុងរយៈពេល២ឆ្នាំកន្លងមក គិតចាប់ពីថ្ងៃទី១៥ មិថុនា​២០១៦ ដល់ថ្ងៃទី១៥មិថុនា២០១៨នេះ ក្រុមការងារទទួលធ្វើបានចំនួន ៥៧.៨៨៧បណ្ណ ក្នុងនោះ ប្តូរ​ឬ​ពន្យារបានចំនួន ៥២.៧៥០ បណ្ណ ទុតិយតាឬបណ្ណដែលបាត់មានចំនួន ៤.៦២០ បណ្ណ  និងប្រឡង​យក​​​បណ្ណបើកបរថ្មី បានចំនួន៥១៧ បណ្ណផងដែរ ។ ។ លោកបានបញ្ជាក់ថា បើតាមលទ្ធភាព​ក្រុមការងារធ្វើ​បានរាប់រយក្នុងមួយថ្ងៃ ដោយហេតុថា ការធ្វើបណ្ណ័​បើកបរ​ដែល​រៀបចំឡើង​ដោយក្រសួងសាធារណ​ការនេះ មានលក្ខណៈទំនើប គឺបំរើសេវា រហ័សទាន់ចិត្ត ប្រើ​​​រយៈពេលតែ​២០នាទី​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ម្នាក់ នេះប្រសិនបើមានឯកសារគ្រប់គ្រាន់ ។ចំពោះការផ្តល់សេវា ធ្វើជារៀងរាល់ថ្ងៃ ចាប់ពីផ្សារ​បើក និងបិទទៅវិញ និងទទួលសម្រាប់​២៥​រាជធានី ខេត្ត ឬទូទាំងប្រទេស និងទទួលប្តូរបណ្ណបើកបរសម្រាប់ជនបរទេសផងដែរ ។

លោក ឡូវ នីកូវឌ្ឍនា បានបញ្ជាក់ថា ការផ្តល់បណ្ណបើកបរជូនប្រជាពលរដ្ឋ មានការ​កើន​ឡើង​ឬថយចុះ គឺអាស្រ័យទៅលើសមត្ថកិច្ច បើចំខែណាសមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៏ខ្លាំង ប្រជាពលរដ្ឋនាំគ្នាទៅធ្វើច្រើន ។ ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ សូមអំពាវនាវ​ជាពិសេស​ប្រ​ជា​​​ពលរដ្ឋណាដែលមានបណ្ណបើកបរហើយ តែផុតសុពលភាព និងអ្នកដែលជ្រុះបាត់បណ្ណ សូម​ឲ្យរួសរាន់ទៅប្តូរឬពន្យាឲ្យបានគ្រប់ៗគ្នានៅផ្សារទំនើបAEON MALLទាំងទី១ និងទី២ ដោយ​មិន​ចាំបាច់ប្រើពេលយូឡើយ  ៕