ថៃរិះគន់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលសំភាសន៍ក្មេងប្រុសជាប់ក្នុងរូងភ្នំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២៣.០៧.១៨)

ថៃ៖ អាជ្ញាធរថៃបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយបរទេសថាមិនមានការទទួលខុសត្រូវក្នុងការធ្វើសំភាសន៍ជាមួយក្មេងប្រុសនៃក្រុមកីឡាបាល់ទាត់ដែលត្រូវបានជាប់ក្នុងរូងភ្នំអស់រយៈពេលពីរសប្តាហ៍មុនពេលបានជួយសង្គ្រោះ។

លោកថាវ៉ាត់ចាយ ថៃគីយ៉ូ (Tawatchai Thaikyo)អគ្គលេខាធិការរងអចិន្រ្តៃយ៍នៃក្រសួងយុត្តិធម៌ថៃបានមានប្រសាសន៍ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា“ខ្ញុំមានការសោកស្តាយដែលប្រព័ន្ធផ្សព្វផ្សាយបរទេសដែលយល់អំពីសិទ្ធិកុមារច្បាស់លាស់ក៏ដូចជានីតិវិធីសម្រាប់ការពារកុមារនិងអនីតិជន ប៉ុន្តែបទដ្ឋាននៃការសម្ភាសរបស់ពួកគេគឺមិនត្រឹមត្រូវតាមស្តង់ដារនោះទេ” ។

ទន្ទឹមនឹងនេះដែរខេត្តឈាងរ៉ៃបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍បានប្រកាសថាខេត្តបានចាត់តាំងក្រុមការងារមួយដើម្បីពិភាក្សាពីវិធានការពារសិទ្ធិកុមាររបស់ក្រុមបាល់ទាត់កុមារដែលជាប់ក្នុងរូង ​
ក្រោមច្បាប់ការពារកុមាររបស់ប្រទេសថៃ។

ក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថាប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនបានទៅសំភាសន៍កុមារទាំងនោះនៅឯផ្ទះរបស់ពួកគេតែម្តង បន្ទាប់ពីពួកគេត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។