សម្ដេចចៅហ្វាវាំង ៖ បោះឆ្នោតត្រូវ គឺពិតជាធ្វើឱ្យប្រទេសជាតិបន្តសុខសន្តិភាព និងមានការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត

 

AKP កំពង់ឆ្នាំង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨–

សម្ដេចចៅហ្វាវាំង គង់ សំអុល តំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីមួយចំនួន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីនៅ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន៤២០គ្រួសារ នៅរសៀលថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៨នេះ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បាននាំមកនូវព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខ សេចក្ដីនឹករលឹក និងពរជ័យសិរីមង្គលមហាប្រសើរ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

នៅក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង បានមានប្រសាសន៍លើកឡើងអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិពីបាតដៃទទេរហូតធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ បង្រួបបង្រួមផ្សះផ្សាជាតិ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ មានកំណើនសេដ្ឋកិច្ច ៧ភាគរយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ បច្ចុប្បន្ននេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ក្នុងការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ជាពិសេសក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះស្ពានឆ្លងទន្លេ ស្ពានអាកាស ផ្លូវថ្នល់សំខាន់ៗបានធ្វើការពង្រីកពី ២គន្លងទៅ៤គន្លង ប្រែក្លាយពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង ជាបណ្ដើរៗ។

សម្តេចចៅហ្វាវាំងបានបន្ថែមថាសមិទ្ធផលថ្មីៗបានកើតឡើងឥតឈប់ឈរនៅគ្រប់ទិសទីមានផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ កំពង់ផែ វត្តអារាម។ល។ ត្រូវបានពង្រីកទាំងនៅទីក្រុងទាំងនៅជនបទ និងតំបន់ព្រំដែន។ ទាំងអស់នេះគឺដោយសារកត្តាសន្តិភាព ស្ថិរភាពដ៏រឹងមាំនេះ បានផ្ដល់ភាពអំណោយផលយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ សម្ដេចចៅហ្វាវាំងបានបន្តថា សូមប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ត្រូវពង្រឹងសាមគ្គីភាពជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស គោរពច្បាប់ ការពារឯករាជ្យអធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសន្តិភាព និងសន្តិសុខរបស់ប្រទេសជាតិឱ្យបានរឹងមាំ គង់វង្សយូរអង្វែង។ សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋសូមកុំជឿតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឬជនអគតិមួយចំនួនដែលបានឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះ។ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់តាមដាន ស្ដាប់ និងមើលទូរទស្សន៍ អំពីការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ដើម្បីបានយល់ ដឹងកាន់តែច្បាស់ពីដំណើរការបោះឆ្នោត និងអំពាវនាវដល់បងប្អូនដែលធ្វើចំណាកស្រុកមេត្តាវិលត្រឡប់មកចូលរួមបោះឆ្នោត។ សម្ដេចចៅហ្វាវាំងបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រើប្រាស់សិទ្ធិ សេរីភាព និងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ត្រូវទៅចូលរួមបោះឆ្នោត។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវផ្តល់សេវាសាធារណៈ ដោះស្រាយនូវសំណូមពរ និងសេចក្ដីត្រូវការប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ ត្រូវរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនដល់គ្រប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះទាំងអស់ ទាំងក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត ពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត។ សម្ដេចចៅហ្វាវាំងបានគូសបញ្ជាក់ថា បោះឆ្នោតត្រូវ គឺពិតជាធ្វើឱ្យប្រទេសជាតិបន្តសុខសន្តិភាព និងមានការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត។ ពីព្រោះថា ការបោះឆ្នោតនេះមានអត្ថន័យសំខាន់បំផុតចំពោះជោគវាសនារបស់ប្រទេសជាតិ ជាការបោះឆ្នោតមួយដែលនឹងសម្រេចភាពគង់វង្សយូរអង្វែងនៃសន្តិភាព និងការអភិវឌ្ឍសម្រាប់យើងទាំងអស់គ្នា។ ដូចបងប្អូនជនរួមជាតិបានឃើញច្បាស់ហើយនូវប្រពៃណីស្នេហាជាតិ និងសមិទ្ធផលជាច្រើនលើគ្រប់វិស័យដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន នឹងអនាគតនេះដែរ។ សម្ដេចចៅហ្វាវាំង ក៏បានលើកឡើងថា បច្ចុប្បន្ននេះសហគមន៍អន្តរជាតិបានទទួលស្គាល់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដោយសារតែកត្តាសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់គ្នា ដើម្បីបន្តសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕

ដោយ សោម ឫទ្ធី