អភិបាលខេត្ដកំពង់ស្ពឺ អះអាងថា មានស្រុកចំនួន០៤ ទទួលរងគ្រោះពីជំនន់ទឹកភ្លៀង

AKP កំពង់ស្ពឺ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨–ស្រុកចំនួន០៤ ក្នុងខេត្តកំពង់ស្ពឺ រួមមានស្រុកភ្នំស្រួច ស្រុកបសេដ្ឋ ស្រុកសំរោងទង និង ក្រុងច្បារមន បានទទួលរងនូវជំនន់ទឹកភ្លៀងដែលបានចាប់ផ្តើម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បណ្តាលឱ្យខូចខាតដំណាំស្រូវ ដំណាំកសិកម្ម និងហេដ្ឋារចនា សម្ព័ន្ធ ក្នុងខេត្តជាច្រើនកន្លែង។ នេះបើតាមការអះអាងរបស់ ឯកឧត្តម វីុ សំណាង អភិបាល នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ អ្នកសារព័ត៌មាន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្នុងឱកាសចុះទៅត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែល រងគ្រោះ។

ឯកឧត្តម វីុ សំណាង បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងឆ្នាំនេះ បណ្តាលឱ្យខូចខាតហេដ្ឋារចនា សម្ព័ន្ធ ដូចជាស្ពាន ថ្នល់ ជាច្រើនកន្លែង និងធ្វើឱ្យខូចខាតដីស្រែ និងដំណាំកសិកម្ម ជាច្រើនហិកតា ព្រមទាំង ប្រជាពលរដ្ឋប្រមាណ ជាង២០០គ្រួសារ បានទទួលរងផលប៉ះពាល់ ប៉ុន្តែពុំបណ្តាលឱ្យមានអ្នករងគ្រោះ ដល់ជីវិតនោះទេ ពីជំនន់ ទឹកភ្លៀងនេះ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាឱ្យអាជ្ញាធរដែនដី និងមន្ទីជំនាញគ្រប់ស្រុក និងក្រុងដែល រងគ្រោះត្រូវបន្តចុះ អន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះ មកកាន់ទីទួលសុវត្ថិភាព ហើយក៏បានបញ្ជូន មន្ត្រីសុខាភិបាល ចុះទៅពិនិត្យព្យាបាល ផ្តល់ថ្នាំពេទ្យ និងទឹកសម្រាប់ បរិភោគ ក្នុងនោះអាជ្ញាធរខេត្ត និងកាកបាទក្រហមកម្ពុជា ក៏បានផ្តល់តង់សម្រាប់ស្នាក់ នៅបណ្តោះអាសន្នផងដែរ។

លោក ប៊ិច ឈឿន ដែលជាប្រជាការពារភូមិ ប្រចាំការអន្តរាគមន៍ជួយសង្គ្រោះ នៅភូមិ ត្នោតព្រែក ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន កម្ពុជាAKPឱ្យដឹងថា ជំនន់ ទឹកភ្លៀងឆ្នាំនេះគឺខ្លាំង ជាងឆ្នាំកន្លងមក ដោយជំនន់នេះ បានចាប់ ផ្តើមជន់យ៉ាងខ្លាំងតាំងពីថ្ងៃទី១៨ ខែកក្កដា មកម្ល៉េះ បន្ទាប់ពីមានភ្លៀង ធ្លាក់ជាបន្តបន្ទាប់ ហើយទឹកភ្លៀងបានហូរចុះពីភ្នំចូលទៅកាន់ស្ទឹង មួយចំនួនដូចជា ស្ទឹងរលាំងជ្រៃ ស្ទឹងពាមខ្លី និងស្ទឹងសំរោង ទើបបណ្តាលឱ្យមានការជន់លិចភូមិ ឃុំ  ស្រុក និងក្រុង ក្នុងខេត្តកំពង់ស្ពឺ។

លោកបានឱ្យដឹងផងដែរថា ផ្លូវទៅកាន់ ភូមិ ឃុំ មួយចំនួននៅក្នុងស្រុកភ្នំស្រួច ត្រូវបានកាត់ ផ្តាច់ជាអន្លើរៗ ហើយចំពោះការជួយសង្គ្រោះគឺត្រូវប្រើទូក ឬកាណូតតូចៗទើបអាចទៅដល់ គោលដៅដែលនៅឆ្ងាយ ហើយមកទល់ពេលនេះ ប្រជាពលរដ្ឋដែលរងគ្រោះមួយចំនួនធំ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព រួចអស់ហើយ។

កសិករឈ្មោះ ញ៉ែម ហន ដែលមានសមាជិក០៣នាក់ នៅក្នុងគ្រួសារ រស់នៅក្នុងភូមិរំលង សង្កាត់ កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ផ្ទះរបស់លោកត្រូវទឹកជំនន់ ជន់លិចត្រឹមចង្កេះ តាំងពីថ្ងៃតំបូងនៃជំនន់ ទឹកភ្លៀងមកម៉េ្លះ ហើយដំណាំស្រូវរបស់លោកចំនួន ២ហិកតា ត្រូវបានខូចខាត ទាំងស្រុង។

លោកបានបន្តថា ជំនន់ទឹកភ្លៀងលើកនេះគឺខ្លាំង ប្រហាក់ប្រហែលនឹងជំនន់ទឹកភ្លៀងដូចគ្នា កាលពី​ឆ្នាំ១៩៩១ ផងដែរ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ ពុំទាន់ស្រកនៅ ឡើយទេ ដោយទឹកបានហូរកាត់ថ្នល់ដោយកន្លែង ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ រួមទាំងខេត្តព្រះសីហនុ និងខេត្តកោះកុង ហើយចរាចរណ៍នៅតាមផ្លូវជាតិលេខ៤ ត្រូវបាន ផ្អាកសម្រាប់រថយន្តធុនទាំងស្រុង៕

ដោយ ថាច់ ផាណារ៉ុង