កម្ពុជា-ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន សម្បទានចំនួន២៥៩លានដុល្លារសម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨–​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារនីហរ័ណ-អាហរ័ណចិន បានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាម៉េរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣។

កិច្ចព្រមព្រៀងឥណទានសម្បទានគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះត្រូវបានធ្វើឡើងនៅពេលថ្មីៗនេះ សម្រាប់យកទៅស្ថាបនាផ្លូវដោយមានប្រវែងសរុប៤៧,៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លង ដោយមានទទឹងតួផ្លូវសរុប ២៥ ម៉ែត្រ សម្រាប់ផ្លូវរថយន្ត ៤ គន្លង មានទទឹង ៣,៥០ ម៉ែត្រក្នុងមួយគន្លង និងផ្លូវទោចក្រយានយន្ត ២ គន្លង ទទឹង ២,២៥ ម៉ែត្រក្នុងមួយគន្លង ដោយចាប់ពីផ្លូវជាតិលេខ ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចសន្យា សាងសង់ជាមួយក្រុមហ៊ុនសំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាង សង់ផ្លូវក្រវាត់ក្រុងទី៣នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ កំណាត់ផ្លូវនេះបាន សាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែលបានសាងសង់ ឡើងក្រោមក្របខ័ណ្ឌឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។ ទន្ទឹមនេះ ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងការជួយសម្រួល ចរាចរណ៍ក្នុងរាជធានីភ្នំពេញផង និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សា ហកម្មរបស់ប្រទេសកម្ពុជា និងជាខ្សែផ្លូវថ្មីមួយទៀតបន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ ដែលកំពុងដំណើរការសាងសង់។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវ ក្រវាត់ក្រុងទី៣ ដែលភាគីកម្ពុជា និងចិនទើបបានចុះហត្ថលេខានេះ គឺជាផ្លែផ្កាថ្មី ស្រឡាងមួយទៀត ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋប្រជាមានិតចិន៕

ដោយ គង់ សិរីរ័ត្ន