មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលស្នើឱ្យគ្លីនិកឯកជនទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយបែបភូតកុហក

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨–​មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានស្នើឱ្យគ្លីនិកឯកជនទាំងអស់ បញ្ឈប់ការផ្សព្វ ផ្សាយភូតកុហក និងបំផ្លើសខុសពីការពិតដែលនាំឱ្យប្រជាពលរដ្ឋអស់ជំនឿទៅលើ សេវាសុខាភិបាលរបស់រដ្ឋ។

​ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ លោកជំទាវ ឱ វណ្ឌឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្លីនិកឯកជនណាដែល នៅតែបន្តការផ្សព្វផ្សាយអួតអាងហួសពីការពិតដោយមិនគោរពទៅតាមច្បាប់ ឬការណែនាំ របស់ក្រសួងសុខាភិបាល។ ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានគ្លីនិកឯកជនមួយ ចំនួននៅតែធ្វើសកម្មភាពផ្សព្វផ្សយពីការព្យាបាលជំងឺជាសះស្បើយ១០០ភាគរយ និង រាប់រយមុខ។

លោកជំទាវបានបន្តថា ការផ្សព្វផ្សាយសេវាព្យាបាលអួតអាងបំផ្លើសហួសពីការពិតនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដូចជាចំណាយថវិកា និងពេលវេលា និងធ្វើឱ្យជំងឺមិនអាចជាសះស្បើយប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជាពលរដ្ឋអស់ ជំនឿមកលើសេវាសុខាភិបាលររបស់រដ្ឋទៀតផង។

លោកជំទាវបានបន្ថែមទៀតថា កន្លងមកក្រសួងតែងតែធ្វើការ តាមដានពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់គ្លីនិកនៅតាមប្រព័ន្ធផ្សព្វផ្សយនានារួមមានវិទ្យុ ទូរទស្សន៍ និងតាមអនឡាញ ដើម្បីត្រួតពិនិត្យមើលខ្លឹមសារស្របទៅតាមការស្នើសុំរបស់ ក្រសួងសុខាភិបាលដែរ ឬយ៉ាងណាព្រោះថាមុននឹងធ្វើការផ្សព្វផ្សាយគ្លីនិកឬក្រុមហ៊ុន ដែលប្រកបអាជីវកម្មលើវិស័យសុខាភិបាលត្រូវធ្វើលិខិតស្នើសុំមកក្រសួងជាមុនសិនទើបអាចយកទៅផ្សាយបាន។

លោកជំទាវបានគូសបញ្ជាក់ទៀតថា នៅតែមានគ្លីនិកឯកជនមួយចំនួនមិនបាន អនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងឡើយគឺនៅតែបន្តផ្សព្វផ្សាយលើសពីអ្វីដែលបានស្នើសុំមកក្រសួងដដែល។

លោកជំទាវបានអំពាវនាវឱ្យម្ចាស់គ្លីនិកឯកជនទាំងអស់ត្រូវគោរពតាមច្បាប់និងការណែនាំរបស់ក្រសួងសុខាភិបាលហើយករណីគ្លីនិកណាមួយដែលមិនគោរពតាម ច្បាប់ទេនោះ ក្រសួងនឹងអនុវត្តវិធានការទៅតាមច្បាប់ដែលបានកំណត់ដែលមានតាមច្បាប់ រដ្ឋបាល ឬផ្អាកការធ្វើអាជីវកម្មក្នុងករណីធ្ងន់ធ្ងរ៕

ដោយ គង់ សិរីរ័ត្ន