រដ្ឋមន្រ្តីក្រសួងសាធារណការ បានប្រកាសថា នឹងត្រៀមស្នើសុំកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាលក្នុងការជួសជុលផ្លូវដែលរងការខូចខាតដោយទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា

នៅថ្ងៃទី២០ ខែកក្កដា នេះ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៤ដែលរងការខូចខាត ដោយទឹកជំនន់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក ជញ្ជូន បានបន្តដំណើរទៅពិនិត្យស្ថានភាពផ្លូវជាតិលេខ៣ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង ត្រង់ខេត្តកំពត ។ក្នុងឱកាសនោះឯកឧត្តម បានបញ្ជាក់ថា ផ្លូវជាតិប្រមាណ៩៤គីឡូម៉ែត្រ ហើយនៅទូទាំងប្រទេសដែលកំពុងរងការចូលខាត ដោយទឹកជំនន់។ ដូច្នេះ ដើម្បីជួសជុល ផ្លូវទាំងនេះ ឲ្យស្អាតឡើងវិញ ក្រសួងកំពុងត្រៀមស្នើកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាលក្នុងការជួសជុល។

សូមបញ្ជាក់ថា បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា គំរោងស្តារផ្លូវជាតិលេខ៣ ពីកំពតទៅ វាលរិញ គឺជាគំរោងថវិការបស់ធនាគារពិភពលោក ហើយក៏ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់រួចរាល់ហើយដែរ ដោយកែប្រែពីផ្លូវពីស្រទាប់ DBST ទៅជាផ្លូវបេតុងកៅស៊ូ និងដាក់លូមួយចំនួន ដើម្បីឲ្យផ្លូវមួយនេះ មានគុណ ភាពរឹងមាំជាងមុន។