សម្រេចបានកិច្ចព្រមព្រៀងដែលឱ្យកងទ័ពស៊ីរីចូលទៅកាន់តំបន់ដែលពួកឧទ្ទាមកាន់កាប់ទាំងអស់នៅ Quneitra

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨​ឥឥទីភ្នាក់ងារព័ត៌មានរដ្ឋ SANA រាយការណ៍ថា កិច្ចព្រមព្រៀងមួយ​ត្រូវបានគេសម្រេចឡើងកាលពីថ្ងៃព្រហស្បតិ៍នេះសម្រាប់ការចូលរបស់យោធាស៊ីរី ទៅកាន់តំបន់ទាំងអស់ដែលពួក​ឧទ្ទាម​កាន់កាប់នៅក្នុងខេត្ត Quneitra នៅភាគខាងត្បូងក្បែរខ្ពង់រាបហ្គោឡង់ ដែលអ៊ីស្រាអែលកាន់កាប់ ។

SANA បាននិយាយថា តាមកិច្ចព្រមព្រៀងដែលរុស្ស៊ីគាំទ្រនោះឱ្យដឹងថា កងទ័ពស៊ីរីនឹងចូលទៅកាន់តំបន់ទាំងអស់​ដែលបានត្រួតត្រាដោយរដ្ឋាភិបាលនៅមុនឆ្នាំ ២០១១ ជាឆ្នាំ នៃសង្គ្រាមស៊ីរី ។​កិច្ចព្រមព្រៀងនោះ​បាននិយាយថា ពួកឧទ្ទាមនឹងប្រគល់គ្រឿងសព្វាវុធរបស់ពួកគេ ។

ពួកឧទ្ទាមទាំងឡាយណាដែលបដិសេធមិនព្រមផ្សះផ្សាជាមួយរដ្ឋាភិបាល នឹងត្រូវជម្លៀសទៅកាន់តំបន់ដែលពួក ឧទ្ទាមកាន់កាប់ នៅក្នុងប្រទេសស៊ីរីភាគខាងជើង ហើយពួកឧទ្ទាមដទៃទៀតដែលចង់ស្ថិតនៅនឹងត្រូវប្រតិបត្តិដំណើរការ ផ្សះផ្សាគ្នាមួយ ជាមួយរដ្ឋាភិបាល ។

កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យខេត្ត Quneitra ទាំងមូលនៅក្បែរខ្ពង់រាបហ្គោឡង់ ដែលអ៊ីស្រាអែលកាន់កាប់ត្រឡប់ មកស្ថិតនៅ ក្រោមការត្រួតត្រារបស់រដ្ឋាភិបាលវិញ ។

កិច្ចព្រមព្រៀងថ្មីនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង សមភាគីរុស្ស៊ីរបស់លោក គឺលោក វ្ល៉ាឌីមៀរ ពូទីន បានជួបគ្នាក្នុងទីក្រុងហែលស៊ីនគី ដោយរុស្ស៊ី ធ្វើការពិភាក្សានូវ ស្ថានការណ៍ក្នុងប្រទេសស៊ីរីជាសំខាន់ ក្នុងតំបន់ភាគខាងត្បូង ក្បែរខ្ពង់រាបហ្គោឡង់ ដែលអ៊ីស្រាអែលកាន់កាប់ ។
លោក ពូទីន បានលើកឡើងនូវការចាំបាច់ធ្វើឱ្យពួកភេរវជនក្នុងប្រទេសស៊ីរីភាគនិរតី បរាជ័យ ដោយឡែកទុកកងកម្លាំងស៊ីរី និង អ៊ីស្រាអែល ឱ្យនៅដាច់ចេញពីគ្នា ។

លោកបាននិយាយទៅរកជាពិសេសសន្ធិសញ្ញា ឆ្នាំ ១៩៧៤ ដែលបានបញ្ចប់សង្គ្រាម Yom Kippur War ព្រមទាំង បានរៀបចំខ្សែបន្ទាត់បំបែកចេញពីគ្នារវាង អ៊ីស្រាអែល និង ស៊ីរី៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )