ក្រសួងអប់រំ ចាប់ផ្តើមអនុវត្តកម្មវិធីបញ្ចប់អំពើហិង្សាលើកុមារនៅតាមសាលារៀន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី

ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមអនុវត្តកម្មវិធីបញ្ចប់អំពើហិង្សាលើកុមារនៅតាមសាលារៀន ខណៈកុមារ៥០ភាគរយ បានរងសម្ពាធនៃការប្រើហិង្សាលើរាងកាយ និងផ្លូវចិត្ត ហើយឈានទៅបោះបង់ការសិក្សាទាំងកុមារភាព។

ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅតាមសាលារៀន ត្រូវតែធានាឱ្យកុមារគ្រប់រូបទទួលបាននូវការថែទាំសុខភាព សុវត្ថិភាពរាងកាយ និងផ្លូវចិត្ត ដោយសារពួកគេងាយភិតភ័យ និងបាក់ទឹកចិត្ត ដែលឈានដល់ការបោះបង់ការសិក្សាទាំងនៅកុមារភាព។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយស្តីពីកិច្ចការពារកុមារនៅសាលារៀន ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា កុមារត្រូវការចាំបាច់នូវការអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី និងការសិក្សារៀនសូត្រ ព្រមទាំងការថែទាំ ការជួយទំនុកបម្រុងពីគ្រួសារ និងសង្គម ជាពិសេសការរួមគ្នាបង្ការទប់ស្កាត់ និងការពារកុមារពីអំពើហិង្សា។

កាលពីឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តគោលនយោបាយស្តីពីកិច្ចការពារនៅសាលារៀន ក្នុងគោលបំណងជំរុញឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនផ្តល់កិច្ចគាំពារដល់កុមារពីការរំលោភបំពាន ការកេងប្រវញ្ច ការរើសអើង ដើម្បីបង្កើនការចូលរៀនរបស់កុមារគ្រប់រូប។

លោក ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា បានឱ្យដឹងថា មានចំនួន៣ហើយ គឺបាត់ដំបង កំពត និងព្រៃវែង ដែលអនុវត្តនូវកម្មវិធីបញ្ចប់អំពើហិង្សាលើកុមារនៅតាមសាលារៀន ហើយគ្រោងនឹងបន្តពង្រីកទៅខេត្តផ្សេងៗទៀតតាមលទ្ធភាព និងដំណាក់កាល។ លោកបានបញ្ជាក់ថា ខាងនាយកដ្ឋានជំនាញកំពុងធ្វើការអប់រំផ្នែកវិន័យបែបវិជ្ជមាន ដើម្បីគ្រូបង្រៀនរកវិធីឱ្យបានច្រើនដើម្បីកុមាររៀនចេះ ដោយកាត់បន្ថយការវ៉ៃ ការប្រើទណ្ឌកម្ម ជាដើម។

លោកស្រី រ៉ាហ្សែល តំណាងអង្គការយូណេសេហ្វប្រចាំកម្ពុជា បានគាំទ្រចំពោះកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារទាំងនៅតាមសាលារៀន និងសង្គម។ លោកស្រីមានប្រសាសន៍ថា អំពើហិង្សាមានឥទ្ធិពលអាក្រក់ទៅលើការអភិវឌ្ឍផ្នែកសតិអារម្មណ៍ ផ្លូវចិត្ត និងភាសារបស់កុមារ ហើយអាចប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងសង្គម និងការសិក្សារបស់កុមារ។

យោងតាមការស្ទង់មតិថ្នាក់ជាតិរបស់អង្គការយូណេសេហ្វ បង្ហាញថា កុមារកម្ពុជាប្រមាណ៥០ភាគរយ តែងតែទទួលរងការប្រើហិង្សា តាមរយៈដាក់ការដាក់ពិន័យ ឬទណ្ឌកម្មនៅសាលារៀន និងតាមផ្ទះ ពីគ្រូបង្រៀន ឪពុកម្តាយ និងអាណាព្យាបាល៕