ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្រ្តីជុំនាញពាក់ព័ន្ធ ចុះមើលស្ថានភាពទឹកជំនន់ នៅតំបន់ដងស្ទឹងព្រែកត្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ

រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតំបន់មួយចំនួន នៅក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងខណៈដែលជំនន់ទឹកភ្លៀងកំពុងតែកើនឡើង ដែលធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនទទួលរងនូវការលិចលង់ ពិសេសប្រជាពលរដ្ឋដែលរស់នៅស្របជាមួយនឹងដងស្ទឹងព្រែកត្នោត ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ អមដំណើរដោយលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងជិះទូកចុះពិនិត្យតាមមូលដ្ឋានប្រជាពលរដ្ឋដែលរងការលិចលង់ ដើម្បីពិនិត្យមើលពីស្ថានភាពទឹក ក៏ដូចជាតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ ថាតើពួកគាត់ចង់បានអ្វី ខ្វះខាតអ្វី យើងអាចជួយពួកគាត់បានភ្លាមៗតែម្តង។

ក្នុងឱកាសនោះ អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមន្រ្តីមូលដ្ឋាន ពិសេសមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះមកផ្ទាល់ដល់មូលដ្ឋានដែលលិចលង់ ដើម្បីជួយក៏ដូចជាការបង្ការទប់ស្កាត់ ជំងឺតម្កាត់បៀតបៀនផ្សេងៗទៅលើប្រជាពលរដ្ឋ ដែលកំពុងទទួលរងការលិចលង់នេះ។

ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងឱកាសដែលរាជធានីភ្នំពេញ រងនូវការជន់លិចលង់ដោយទឹកជំនន់ លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងខណ្ឌពោធិ៍សែន និងអំពាវអំនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទឹកជំនន់ ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឲ្យមានលេងនៅតាមដងអូរ ប្រឡាយ ព្រែក ដែលមានទឹក កំពុងមានហូរខ្លាំង។