រដ្ឋមន្ត្រីក្រសួងសាធារណការប្រកាសថា នឹងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ កុំឲ្យទឹកលិចដូចបច្ចុប្បន្ន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រីផន វាសនា

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស​ថា នឹងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំ​រោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឲ្យបានខ្ពស់ជាងពេលបច្ចុប្បន្ន។ការ​ប្រ​កាសរបស់ឯកឧត្តម បានធ្វើឡើងក្នុងពេលដែលឯកឧត្តម អញ្ជើញចុះពិនិត្យស្ថាន​ភាពទឹកលិច​កំណាត់ផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។


ឯកឧត្តម បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ក្នុងភូមិ​ស្ទឹង​សំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុនេះ គឺតែងតែលិចនៅពេល​មានជំនន់​ទឹកភ្លៀងក្នុងរដូវវស្សា ដោយសារភូមិសាស្រ្តទីនេះជាទំនាប។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម នឹងលើកកម្ពស់ទ្រូងផ្លូវកន្លែងនេះឲ្យបានខ្ពស់ជាងពេលបច្ចុប្បន្ន ព្រមទាំងសាង​សង់​ស្ពាន​ជាដើម ដើម្បីបើកមុខទឹកឲ្យហូរកាត់រំដោះទឹកនៅកន្លែងនេះ។


សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤នេះ ត្រូវបានធានាគារពិភពលោកផ្តល់កម្ចីប្រមាណ ១១០លាន​ដុល្លារ​អាមេរិក ដើម្បីជួសជុល និងស្តារផ្លូវនេះឲ្យប្រសើរឡើងវិញ ហើយ ផ្លូវនេះនឹងចាប់ផ្តើម​ជួស​ជុល និងសាងសង់ឡើងវិញនាអំឡុងឆ្នាំ២០១៩ខាងមុខនេះ ដោយមានការ​ពង្រីកទទឹង​ផ្លូវ​ពី៧ម៉ែត្រ ទៅ១១ម៉ែត្រផងដែរ។