កំណាត់ផ្លូវជាតិប្រមាណ៨៦គីឡូម៉ែត្រ ត្រូវបានខូចខាតដោយ ជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា៖ អត្ថ ចន ណារិទ្ធ ៖រូបភាព អ៊ូ កាណែល

ខេត្តព្រះសីហុ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា កំណាត់ផ្លូវជាតិនៅទូទាំងប្រទេសប្រមាណ៨៦គីឡូម៉ែត្រ ដែលបានខូចខាតដោយ គ្រោះជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ផ្នែកជុំនាញ នៅមិនទាន់ជួសជុលឬស្តារឡើងវិញភ្លាមៗបានក្នុងពេលនេះ ទេ ដោយរងចាំរាំងភ្លៀង និងទឹកស្រកអស់ពីលើផ្លូវសិន ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងឲ្យដឹងបែបនេះ ក្នុងពេលដែលឯកឧត្តម អញ្ជើញចុះពិនិត្យស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៤ និងបណ្តាផ្លូវជាតិមួយចំនួនទៀតដែលកំពុងខូចខាតក្នុងរដូវភ្លៀង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១១៦ គឺលិចស្ទើរតែរៀងរាល់ឆ្នាំ ដូចនេះក្រុមការងារកំពុងសិក្សាលើកកម្ពស់ទ្រូងផ្លូវ ក៏ដូចជាធ្វើស្ពានត្រង់ចន្លោះណាមួយ ដើម្បីបើកមុខទឹកឲ្យហូរបានលឿន ។ ឯកឧត្តម បញ្ជាក់ថា ធានាគារពិភពលោកបានផ្តល់កម្ចីប្រមាណ ១១០លានដុល្លារ សម្រាប់ស្តារឡើងវិញផ្លូវជាតិលេខ៤នេះ ដោយមានការពង្រីកទទឹងផ្លូវពី ៧ម៉ែត្រ ទៅ១១ម៉ែត្រ ព្រមទាំងសិក្សាពីការរំដោះជំនន់ទឹកលិចផងដែរ ។

ក្នុងដំណើរចុះពិនិត្យផ្លូវនាព្រឹកថ្ងៃនេះ ក្រៅពីការពិនិត្យកំណាត់ផ្លូវជាតិលេខ៤ទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបន្តចុះទៅពិនិត្យផ្លូវជាតិលេខ៣ លេខ៣៣ លេខ៣១ និង៤១ផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានអំពាវនាវដល់អ្នករកស៊ីដឹកជញ្ជូនឲ្យបង្វែការដឹកជញ្ជូនទំនិញតាមផ្លូវដែក និងកុំដឹកលើសទម្ងន់នាំឲ្យខូចផ្លូវធ្ងន់ធ្ងរ ។