ជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោតពុំទាន់មានជាបញ្ហាទេ តែខេត្តចំនួន៧ បានទទួលរងផលប៉ះពាល់

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨–ទឹកជំនន់ ទឹកភ្លៀងដែលហូរធ្លាក់តាមស្ទឹងព្រែកត្នោតពុំទាន់មានបញ្ហាទេ ដោយ​ក្រសួង ជំនាញបានបង្វែរទឹកមុនសភាពការណ៍កើតឡើង ឱ្យទឹកហូរធ្លាក់ទៅអាងស្តុកទឹកទន្លេបាទី។

នេះបើតាមការអះអាងក្នុងរបាយការណ៍ស្តីពីសភាពការណ៍ទឹកជំនន់ទឹកភ្លៀង របស់គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ញើជូន សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

របាយការណ៍បានបង្ហាញថា នៅកម្ពុជាយើងគិតចាប់ពីថ្ងៃទី១៦ ទី១៧ និងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨មកនេះ បានទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយឥទ្ធិពលព្យុះទី៩ ឈ្មោះសុនទីញ កំពុងរំកិលទៅក្បែរ ដីគោកក្រុងហាណូយ ស្របពេលដែលព្យុះទី១០ កំពុងវិវត្តកើតមានឡើងជាថ្មីម្តងទៀត។ ឥទ្ធិពលនៃអាកាសធាតុនេះបានធ្វើឱ្យខេត្តចំនួន៧ បានទទួលរងគ្រោះដោយសារ ទឹកជំនន់ទឹកភ្លៀង។

ខេត្តចំនួន ៧ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនោះ រួមមានខេត្តកោះកុង ប៉ៃលិន បាត់ដំបង កំពត ព្រះសីហនុ កែប និងខេត្តកំពង់ស្ពឺ។ ក្នុងនោះខេត្តកំពង់ស្ពឺរងប៉ះពាល់ខ្លាំង ពិសេសស្រុកភ្នំស្រួចបណ្តាលឱ្យឃុំចំនួន ៨ រងផល ប៉ះពាល់ ប្រជាជន ២៣០គ្រួសាររងគ្រោះ ដំណាំស្រូវចំនួន ១១៥៧ហិក​តា ចំការស្វាយចំនួន ២៣២ហិកតា រងប៉ះពាល់។

បច្ចុប្បន្នកម្រិតទឹកដែលកំពុងមានការព្រួយបារម្ភ គឺនៅស្ថានីយពានឃ្លៃ ដែលឡើងដល់ ៨,៣០ម៉ែត្រ និងទឹកទំនប់រលាំងជ្រៃ កម្រិតទឹកឡើងដល់ ៧,៦០ម៉ែត្រ បើគិតត្រឹមម៉ោង ៨:០០នាទី ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ តែបើកម្ពស់ទឹក នៅបន្តឡើងដល់ ៧,៨០ម៉ែត្រ ផ្សារកំពង់ស្ពឺនឹងត្រូវលិចបន្ត។ ចំពោះទឹកដែលហូរធ្លាក់ តាមស្ទឹងព្រែកត្នោតពុំទាន់មានបញ្ហាទេ ដោយក្រសួងជំនាញបានបង្វែរទឹក មុនសភាពការណ៍ កើតឡើងឱ្យទឹកហូរធ្លាក់ ទៅអាងស្តុកទឹកទន្លេបាទី។

ចំពោះនៅខេត្តព្រះសីហនុ ចំណុចដែលប្រឈមខ្លាំង គឺត្រង់ចំណុចស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ដែលកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ទឹកលិចថ្នល់ជាតិលេខ៤ ប្រវែងប្រមាណ ៩០០ម៉ែត្រ កម្ពស់ប្រមាណ ១,៧០ម៉ែត្រ ហើយរហូតមកដល់វេលាម៉ោង ១៩:៥០នាទី ថ្ងៃដដែល ទឹកបានស្រកនៅត្រឹម ០,៥២ម៉ែត្រ។ ចំណែកនៅខេត្តកំពត មានភ្លៀងធ្លាក់ច្រើននៅតាមផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤១ មានទឹកពេញព្រៀបតាមដងផ្លូវ។ បើគិតត្រឹមម៉ោង ១៩:០០ នាថ្ងៃទី១៨ ខែកក្កដា ប្រព័ន្ធ ប្រកាសអាសន្នឱ្យដឹងមុនគ្រោះទឹកជំនន់នៅភូមិអណ្តូងជី ឃុំកំពង់ក្រែង ស្រុកទឹកឈូ ទឹកឡើងដល់កម្ពស់ ៨,២ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។ នៅឯខេត្តកោះកុងវិញ បានធ្វើឱ្យចំនួនឃុំចំនួន ៥ឃុំ ក្នុងស្រុកចំនួន៤ រងផលប៉ះពាល់ ប្រជាជនប្រមាណ ៥៥១គ្រួសារត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ នៅខេត្តប៉ែលិន មានភ្លៀងធ្លាក់តិច តែតាមស្ទឹង អូរ ព្រែក មានទឹកពេញទាំងអស់ ដោយសារទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ (ខេត្តត្រាត)។

រីឯខេត្តបាត់ដំបង មានការបាក់ច្រាំងស្ទឹងសង្កែប្រមាណ១០០ម៉ែត្រ និងចម្ងាយពីមាត់ ស្ទឹងទៅចំណីផ្លូវប្រមាណ ៣០ម៉ែត្រ កំពុងត្រូវបានជួសជុលឡើងវិញ និងធ្វើឱ្យស្រុកមួយចំនួន រងផលប៉ះពាល់ ដូចជានៅស្រុកសំឡូត ទឹកលិចភូមិចំនួន៤ ប៉ះពាល់ខូចខាត ៣ឃុំ គឺនៅឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំ ព្រែកហ្លួង។ ស្រុកឯកភ្នំ ធ្វើឱ្យស្រូវកំពុងហាលផ្កាចំនួន ៥០ហិកតា ត្រូវខូចខាតទាំងស្រុង និងប្រឈមខូចខាតប្រមាណ ១,០០៧ហិកតា ទឹកលិច ទឹកផ្ទះ ១០៩ខ្នង ហើយកម្ពស់ទឹកនៅទំនប់សេកសក និងទឹកទំនប់គង្ហត កំពុងមាន ការព្រួយបារម្ភ និងចំណុចស្ពានបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀងមានប្រេះដីនៅគល់ស្ពាន។ ចំណែកនៅខេត្តកែប សភាពការណ៍ទឹកភ្លៀងអាចគ្រប់គ្រងបាន៕

ដោយ ប៉ាល់ សុង