ក្រសួងសុខាភិបាលគ្រោងនឹងចុះបញ្ជិកាឱសថតាមប្រព័ន្ធអេឡេចត្រូនិកនាពេលខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨–​ក្រសួងសុខាភិបាលគ្រោងនឹងចុះបញ្ជិកាឱសថតាមប្រព័ន្ធអេឡេចត្រូនិកនាពេលខាងមុខនេះដើម្បីជួយសម្រួលដល់ដំណើរការចុះបញ្ជីឱសថឱ្យបានលឿនជាងមុនឈានទៅដល់ការគ្រប់គ្រងឱសថទប់ស្កាត់ផលិតក្លែងក្លាយ។

​លោកបណ្ឌិត យ៉ង់ ដារាវុធ អនុប្រធាននាយកដ្ឋានឱសថនិងចំណីអាហារ នៃក្រសួងសុខាភិ បាលមានប្រសាសន៍ថា ការចុះបញ្ជិកាឱសថតាមប្រព័ន្ធអនឡាញនេះ នឹងជួយឱ្យម្ចាស់ក្រុម ហ៊ុនឱសថចំណេញពេលវេលាក៏ដូចជាថវិកាដោយមិនចាំបាច់ធ្វើដំណើរ មកកាន់ក្រសួងសុខាភិបាលឡើយដោយគ្រាន់តែចូលទៅក្នុងគេហទំព័ររបស់ក្រសួងរួចហើយបំពេញទៅតាមបែបបទដែលក្រសួងបានកំណត់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនឈានទៅរៀបចំពិព័រណ៍ឱសថកម្ពុជាឆ្នាំ២០១៨ និងសន្និសីទអន្តរជាតិលើកទី៤ ស្តីពីឧស្សាហកម្មឱសថវេជ្ជសាស្ត្រមន្ទីរពិសោធន៍ និងសុខភាពធ្មេញ នៅកម្ពុជានៅដើមខែកញ្ញាខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ លោកបណ្ឌិត យ៉ង់ ដារាវុធ បានបញ្ជាក់ថា ការចុះបញ្ជិកាតាមអនឡាញនេះ មិនត្រឹមតែជួយឱ្យដំណើរការចុះបញ្ជិកាបានលឿនប៉ុណ្ណោះទេ គឺថែមទាំងអាចកាត់បន្ថយ អំពើពុករលួយបានផងដែរ។

លោកបណ្ឌិតបាន បន្ថែមទៀតថា គម្រោងចុះបញ្ជិកាឱសថតាមប្រព័ន្ធ អេឡេចត្រូនិកនេះ ក្រសួងសុខាភិបាល កំពុងសហការជាមួយអង្គការសុខភាពពិភពលោក ហើយសង្ឃឹមថានឹងអាចដាក់ឱ្យប្រើប្រាស់ នាពេលឆាប់ៗខាងមុខនេះដើម្បីជួយ សម្រួលដល់ការចុះបញ្ជិកាឱសថឱ្យបានឆាប់រហ័សជាងមុន ស្របពេលបច្ចុប្បន្ននេះ ការចុះបញ្ជីកាឱសថត្រូវការពេលវេលាប្រមាណ៦ខែ តាមរយៈ ច្រកចេញចូលតែមួយ។

លោក មាស សុជា នាយកគ្រប់គ្រងក្រុមហ៊ុនខ្មែរ ហ៊ែលឃែរខូអិលធីឌីបានគាំទ្រ ចំពោះ ក្រសួងសុខាភិបាលក្នុងការបង្កើតឱ្យមានការចុះបញ្ជិកាតាមប្រព័ន្ធអេឡេចត្រូនិកនេះ ព្រោះបានជួយឱ្យក្រុមហ៊ុនលោកចំណេញពេលវេលាច្រើន ក្នុងការធ្វើអាជីវកម្មប្រចាំថ្ងៃដោយមិនចំណាយពេលយូររាប់ខែដូចមុន។

លោក ង្វៀន បា វីន អគ្គនាយក វី អេស ដែលជាអ្នករៀបចំពិព័រណ៍បានឱ្យដឹងដែរថា ពិព័រណ៍នេះ នឹងក្លាយទៅជា វេទិកាមួយសម្រាប់ក្រុមហ៊ុនដែលធ្វើអាជីវកម្ម លើវិស័យសុខាភិ បាលបានជួបគ្នាដោយផ្ទាល់ដើម្បីធ្វើការពិភាក្សាអំពីអាជីវកម្មក៏ដូចជាការផ្លាស់ប្តូរពីព័ត៌មាននៅក្នុងវិស័យឧស្សាហកម្មឱសថទៅលើទីផ្សារនាពេលបច្ចុប្បន្ន ៕

ដោយ គង់ សិរីរ័ត្ន