ក្រុមភ្នំពេញក្រោនឡើងវគ្គ៨ក្រុម ក្រោយពីឈ្នះអគ្គិសនីកម្ពុជាទាំងពីរជើង ៦-១ ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨–ក្រុមភ្នំពេញក្រោនបានឡើងទៅប្រកួតបន្តនៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះក្រុម អគ្គិសនីកម្ពុជាទាំងនៅក្រៅទឹកដី និងក្នុងទឹកដី ទាំងពីរជើងសរុប ៦ទល់១ ដោយជើងទី១ ឈ្នះ២ទល់១ និងជើង ទី២ ឈ្នះ៤ទល់០ កាលយប់ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៃព្រឹត្តិ ការណ៍កីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០១៨។

៤គ្រាប់របស់ភ្នំពេញក្រោនធ្វើសម្រេចបាន២គ្រាប់ ដោយកីឡាករ ស៊ិន កក្កដា និងម្នាក់១ គ្រាប់ រកបានដោយកីឡាករ ប្រាក់ ធីវ៉ា និងកីឡាករ អ៊ុក សុវណ្ណ។ ជ័យជម្នះរបស់ភ្នំពេញក្រោននេះ បានបញ្ចប់ក្តីសង្ឃឹម របស់ក្រុមអគ្គិសនីកម្ពុជា ដែលជាក្លិបប្រើប្រាស់យុវជនខ្មែរសុទ្ធសាធ ដែលក្រុមអគ្គិសនីកម្ពុជា គឺជាក្រុមចំណាត់ ថ្នាក់លេខ៣ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីរដូវកាល ២០១៧។

លោក ប្រាក់ វុទ្ធី គ្រូបង្គោលក្លិប អគ្គិសនីកម្ពុជាធ្លាប់ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មុនវគ្គ១៦ក្រុមនេះថា ប្រសិនបើក្រុមរបស់លោកមិនអាចឆ្លងកាត់ត្រឹមវគ្គ១៦ក្រុមនេះទេ គឺដំណើរការអភិវឌ្ឍន៍បាល់ទាត់របស់ក្លិបនឹងដើរថយក្រោយ ប៉ុន្តែ ពេលនេះក្តី សង្ឃឹមរបស់ អគ្គិសនីកម្ពុជាត្រូវបានបញ្ចប់ទាំងស្រុងហើយ ដោយសារក្រុមចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ មុន មួយនេះបានធ្លាក់ចេញត្រឹមវគ្គជម្រុះ១៦ក្រុម នារដូវកាល ២០១៨នេះ។
ដោយឡែកលទ្ធផលនៅវគ្គ១៦ក្រុម កាលពីថ្ងៃពុធ ទី១៨ ខែកក្កដានេះដែរ រួមមាន៖ គឺក្រុម ក្រសួងការពារជាតិ បានយកឈ្នះអាស៊ីអឺរ៉ុប ៧-១ សរុបទាំងពីរជើង ក្រសួងការពារជាតិឈ្នះ ១០-២ ខណៈក្រុមបឹងកេត យកឈ្នះ ក្រុមវេស្ទើន ១-០ សរុបទាំងពីរជើងបឹងកេតឈ្នះ ៦-១ រីឯអង្គរថាយហ្គឺរឈ្នះសូលទីឡូអង្គរ ១-០ សរុបទាំងពីរ ជើងអង្គរថាយហ្គឺរឈ្នះ ៣-២។ ចំពោះក្រុមអគ្គសុ្នងការដ្ឋាននគរបាលជាតិបានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ១-០ សរុប ទាំងពីរជើងក្រុមអគ្គសុ្នងការដ្ឋាននគរបាលជាតិឈ្នះ ៣-២ ស្របពេលដែលក្រុមព្រះខ័នរាជ ស្វាយរៀង ប្រកួតស្មើវិសាខា ១-១ សរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀងឈ្នះ ២-១។ ដូច្នេះក្រុមដែលបាន ឡើងទៅកាន់វគ្គបន្ត ៨ក្រុមចុងក្រោយរួមមាន៖ ក្រុមភ្នំពេញក្រោន, ក្រសួងការពារជាតិ, បឹងកេត, អគ្គស្នងការ ដ្ឋាននគរបាលជាតិ, អង្គរថាយហ្គឺរ, ព្រះខ័នរាជ ស្វាយរៀង។

ចំពោះការប្រកួតរវាងក្រុមណាហ្គាវើល និងម្ចាស់ផ្ទះខេត្ដកំពត ដែលគ្រោងប្រកួតកាល ពីល្ងាចថ្ងៃទី១៨ ខែកក្កដាម្សិលមិញនេះ ត្រូវបានលើកពេល ដោយសារមានភ្លៀងធ្លាក់ ខ្លាំងលិចទីលានប្រកួត ដោយនឹងត្រូវប្រកួតនៅថ្ងៃទី១៩ ខែកក្កដា នេះវិញ។ ប៉ុន្ដែណាហ្គាវើល មានក្តីសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គ៨ក្រុមដែរ ដោយសារកាលពីជើងទី១ ណា ហ្គាវើលយក ឈ្នះខេត្តកំពត៥-១។ រីឯចំពោះការប្រកួតរវាងខេត្តកោះកុង និងក្រុមយុវជនសាលាបាល់ ទាត់ជាតិ U18បាទី ដែលបានលើកពេលប្រកួតដែរនោះ នឹងត្រូវប្រកួតនៅជើងទី១ នាថ្ងៃទី២២ ខែកក្កដាសប្ដាហ៍នេះ ហើយការប្រកួតកាត់ក្ដី នៅជើងទី២ ត្រូវធ្វើឡើង នាថ្ងៃទី២៨ ខែកក្កដា ខាងមុខ៕

ដោយ ហេង ណាលីន