ខេត្តកំពង់ចាម ប្រារព្ធពិធីដាំកូនឈើប្រណីតចំនួន១៥០០ដើម និងចែកកូនឈើចម្រុះ ចំនួន២០០០ដើម ដល់ប្រជាពលរដ្ឋដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា

AKP កំពង់ចាម ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨–​នៅព្រឹកថ្ងៃព្រហស្បតិ៍៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម បានប្រារព្ធពិធីដាំកូនឈើប្រណីតចំនួន១៥០០ដើម និងចែកកូនឈើចម្រុះប្រមាណចំនួន២០០០ដើម ដល់ប្រជាពលរដ្ឋដើម្បីអបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា ក្នុងនៅបរិវេណសាលាវិទ្យាល័យសម្តេចសង្ឃ ជួន ណាត ស្ថិតនៅឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនផងដែរ។

លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបាន អានរបាយការណ៍បញ្ជាក់ថា បុណ្យរុក្ខទិវានេះ ត្រូវបានប្រារព្ធ ធ្វើឡើងនៅរាល់ថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្ដរភាព និងមានផលប្រយោជន៍ សម្រាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្ស ជីវចម្រុះ និងមរតកវប្បធម៌ ពិសេស អាចបង្កើតបាននូវម្លប់បៃតងឡើងវិញ ធ្វើឱ្យតាមភូមិដ្ឋានមានសភាព ស្រស់បំព្រងស្របតាមព្រៃឈើគឺជាជីវិតមនុស្សសត្វ។ ខេត្តកំពង់ចាមប្រារព្ធបុណ្យ រុក្ខទិវា៩កក្កដា ជាលើកដំបូងនៅក្នុងឆ្នាំ១៩៩០ និងមកដល់ឆ្នាំនេះប្រារព្ធបានចំនួន២៤លើក ដាំកូនឈើសរុបបានចំនួន៥៦ហិកតា និងបានដាំដុះតាមទីវត្តអារាម សាលារៀន និងតាមទីសារធាណៈមួយចំនួនទៀតផងដែរ។​ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការប្រារព្ធពិធីរុក្ខទិវា៩កក្កដា គឺសំដៅបំផុសស្មារតីឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ព្រៃឈើ លើកកម្ពស់ស្មារតីចូលរួមថែរក្សាការពារព្រៃឈើដែលមានស្រាប់ និងចូលរួមដាំដើមឈើ ឡើងវិញ ដើម្បីជាសុភមង្គល និងសេចក្តីសុខចម្រើន នៃប្រទេសជាតិយើង ឱ្យសមស្រប តាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រជាពល រដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំង ប្រទេសបានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ។

​ឯកឧត្តម អភិបាលខេត្តបានលើកឡើងថា ការដាំដើមឈើគឺជាការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ រក្សាការពារសត្វព្រៃ ដើម្បីប្រែក្លាយតំបន់រស់នៅ ឱ្យមានគម្របពណ៌បៃតងស្រស់បំព្រង និងអភិរក្ស ធនធានព្រៃឈើ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ព្រោះវាបានជួយការពារនូវ ការហូរច្រោះ ឬស្រុតបាក់ដីបាន។

ចំពោះដើមឈើហូបផ្លែវាក៏បានផ្តល់ម្លប់ និងផ្លែផ្កាឱ្យមកយើងវិញផ្តល់ផលប្រយោជន៍ជាច្រើនវាក៏ជាប្រភពចំណូលសេដ្ឋកិច្ច មកផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យមានជីវភាពសមរម្យផងដែរ។

​ឯកឧត្តម គួច ចំរើន ក៏បានសូមណូមពរដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ អំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធរួមគ្នាថែរក្សាការពារព្រៃឈើ សត្វព្រៃជាពិសេសការពារឈើដែលបានដាំនាពេលនេះឱ្យបានល្អ។

បុណ្យរុក្ខទិវា ដាំដើមឈើ ជាប្រពៃណីជាតិ ហើយក៏ជាការអនុវត្តនូវចក្ខុវិស័យរយៈ ពេលវែងរបស់រាជរដ្ឋាភិបាលក្នុង កិច្ចការពារធនធានធម្មជាតិ ជាពិសេសក្នុងគោលដៅគាំទ្រដល់សកម្មភាព ថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើគ្រប់ប្រភេទឡើងវិញ ព្រោះថា ព្រៃឈើជាសរសៃឈាម ក្នុងវិស័យកសិកម្ម ជាអាយុជីវិតរបស់កសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ។

យើងបង្កើនការដាំដើមឈើគ្រប់ប្រភេទនៅតាមលំនៅឋានរៀងៗខ្លួនពិសេសការដាំដើមឈើហូបផ្លែបានផ្តល់ផលប្រយោជន៍ជាច្រើនវាក៏ជាប្រភពចំណូលសេដ្ឋកិច្ច មកផ្គត់ផ្គង់ ជីវភាពគ្រួសារ ឱ្យមានជីវភាពសមរម្យផងដែរ នាំមកនូវបរិស្ថានដល់គ្រួសារ។

​ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើការប្រុងប្រយ័ត្ន ខ្ពស់ចំពោះគ្រោះទឹកជំនន់ព្រោះរដូវនេះជារដូវទឹកជំនន់ ពិសេសប្រជាពលរដ្ឋនៅតាមដងទន្លេ ត្រូវមាន ការត្រៀមបង្កាលក្ខណៈចាំបាច់ឱ្យបានគ្រប់គ្រាន់។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតាមដាន ដោយយកចិត្តទុកដាក់រាល់សកម្មភាពនៅមូលដ្ឋានត្រៀមលក្ខណៈជា មុនស្រេចក្នុងការជួយដល់ប្រជាពលរដ្ឋនៅពេលជួបរងគ្រោះ។

ឯកឧត្តមបន្តថា ចូរយើងនាំគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីសេចក្តី សុខក្នុងគ្រួសារនិងអប់រំកូនចៅ ឱ្យជៀសឆ្ងាយ ពីគ្រឿងញៀន ហើយនឹងត្រៀមជា ស្រេចនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះគឺជាថ្ងៃបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសប្រមុខដឹកនាំដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍនិងដើម្បីសុខសាន្ដរបស់ប្រជាពលរដ្ឋយើងនាពេលអនាគត៕

ដោយ ឆាយ ម៉ុត