កម្ពុជា-ថៃមានផែនការរួមគ្នាទាក់ទាញភ្ញៀវទេសចរទៅវិញទៅមក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន

ក្រសួងទេសចរណ៍កកម្ពុជា និងក្រសួងទេសចរណ៍ថៃមានផែនការរួមគ្នា ដើម្បីទាក់ ទាញភ្ញៀវទេសចរទៅវិញទៅមក និងប្រទេសទី៣ ក្នុងគោលដៅបង្កើនប្រាក់ចំណូលជូន ប្រជា ពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា ក្រសួងមានផែការយុទ្ធ សាស្រ្តជាច្រើនដូចជាពង្រីកជើងហោះហើរតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក និងការតភ្ជាប់ កញ្ចប់ទេសចរណ៍សំខាន់មួយចំនួនទៀតរវាងកម្ពុជា និងថៃ រួមទំាងការផ្សព្វផ្សាយផលិតផល ទេសចរណ៍ថ្មីរបស់កម្ពុជា ដើម្បីជំរុញការទាក់ទាញភ្ញៀវ ទេសចរថៃមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនតាមផែនការដែលបានគ្រោងទុក។

ថ្លែងក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍កម្ពុជានិងក្រសួងទេសចរណ៍ថ្ងៃនៅព្រឹកថ្ងៃទី១៩ ខែ កក្កដា នេះ ឯឧ. សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឲ្យដឹងថា ផែនការចង់អោយ អ្នកទេសចរថៃមកកាន់កម្ពុជាកាន់តែច្រើននេះ បានធ្វើឡើងខណៈដែលអ្នកទេសចរថៃដែល មកដំណើរកម្សាន្តនៅកម្ពុជានៅមានចំនួនតិចនៅឡើយ ពោលគឺត្រឹមជាង៤សែននាក់ ប៉ុណ្ណោះកាលពីឆ្នាំ២០១៧កន្លងទៅ។

លោកលោកសាន់តិ ឡៅបុណ្យសាងៀម អភិបាលរងខេត្តខនគែន ប្រទេសថៃបានឲ្យដឹងថា ប្រជាពលរដ្ឋថៃរីករាយនឹងបន្តមកធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា។ បន្ថែមពីនេះ ទៀតលោកថា អាជ្ញាធរខេត្តនេះចង់បង្កើតកម្មវិធីតភា្ជប់តំបន់ទេសចរណ៍រវាងខេត្តខនគែន និង ខេត្តព្រះសីហនុ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរទំាងសងខាង ដើម្បីទៅទស្សនាគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជាបានធ្វើដំណើរកម្សាន្តទៅ ប្រទេសមានចំនួនរហូតដល់ជាង១លាន៦សែននាក់ ក្នុងទៅលេងប្រទេសថៃមានរហូតដល់ ជាង៨សែននាក់ ខណៈដែលប្រជាជនថៃមកកម្ពុជាវិញមានចំនួនត្រឹមតែជាង៤សែននាក់៕