មនុស្សប្រមាណ៣.០០០នាក់នឹងជន្លៀសចេញពីទីក្រុងដែលឡោមព័ទ្ធចំនួនពីរ នៅក្នុងប្រទេសស៊ីរីភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ –តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា សរុបរថយន្ត ដឹកភ្ញៀវទេសចរ ចំនួន៨៨គ្រឿងបានចូលទៅកាន់ទីក្រុងចំនួនពីរ គឺទីក្រុង Kafraya និង ទីក្រុង Foa ដើម្បីជន្លៀស ប្រជាពលរដ្ឋប្រមាណ៣០០០នាក់ចេញពីទីក្រុងចំនួន២ដែលភាគច្រើនជាពួកស៊ីអីតនោះ ដែលបានឡោមព័ទ្ធដោយ ពួកឧទ្ទាមនៅក្នុងខេត្ត អេតលីប(Idlib)។

ការចូលទៅកាន់ទីក្រុងទាំងពីរដោយរថយន្តក្រុងទាំងនោះ ដែលត្រូវបានឡោមព័ទ្ធដោយពួកឧទ្ទាមអស់ រយៈពេលជាង ៣ឆ្នាំកន្លងមកហើយ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានអនុម័តរវាងរដ្ឋាភិបាលនិង ពួកឧទ្ទាមនៅក្នុងខេត្ត អេតលីប ដើម្បីអនុញ្ញាតដល់ប្រជាពលរដ្ឋដែលគេបានប៉ាន់ស្មានប្រមាណ៣០០០នាក់ នៅក្នុងទីក្រុងនោះ ដើម្បីចាកចេញ។

ទូរទស្សន៍រដ្ឋបាននិយាយថា ទីក្រុង Ishtabrak នៅក្នុងខត្តដាច់ស្រយាល អេតលីប នៅភាគខាងជើងគឺត្រូវបានគេរាប់ បញ្ចូលថា ជាទីក្រុងមួយជារបស់ពួកឧទ្ទាម គឺគ្រោងនឹងដោះលែងប្រជាពលរដ្ឋផងដែរ ដែលពួកគេបានចាប់ពង្រត់ មកពីទីក្រុងនានា។ ប្រភពមួយចំនួនបាននិយាយថា ប្រជាពលរដ្ឋដែលនៅសេសសល់ នៅក្នុងទីក្រុងស៊ីអីតចំនួន២ នឹងត្រូវបានគេជន្លៀសទៅកាន់ទីក្រុងអាឡេប៉ូ នៅក្នុងប្រទេសស៊ីរីភាគខាងជើង នៅក្នុងការផ្លាស់ប្តូរ ហើយរដ្ឋាភិបាលនឹងត្រូវដោះលែងអ្នកជាប់ព័ន្ធនាគារមួយចំនួន ដែលជាប់ពាក់ព័ន្ធជាមួយពួកឧទ្ទាមវិញ។

ពួកសកម្មជនប្រឆាំងបាននិយាថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានគេមើលឃើញពីការជន្លៀសពួកសកម្មប្រយុទ្ធស៊ីអីត និងក្រុមគ្រួសាររបស់ពួកគេ ចេញពីទីក្រុងចំនួន២ ទៅកាន់ផ្នែកនានាដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី ភាគ ខាងជើង ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះត្រូវបានគេធ្វើឡើងរវាងពួកឧទ្ទាម និងប្រទេសអ៊ីរ៉ង់។

ពួកសកម្មជនបាននិយាយទៀតថា ជនស៊ីវិល និងពួកឧទ្ទាមប្រមាណ ១៥០០ នាក់ នឹងត្រូវដោះលែងចេញពីព័ន្ធនាគារ មួយនៅក្នុងទីក្រុងដាម៉ាស់៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )