ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបញ្ជីក្រុមហ៊ុនចំនួន៤ ក្នុងទឹកប្រាក់ជាង៧លានដុល្លារ សម្រាប់គម្រោងវិនិយោគនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា នៅដើមខែកក្កដានេះ មានក្រុមហ៊ុនចំនួន៤ ត្រូវបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ សម្រាប់គម្រោងវិនិយោគនៅកម្ពុជាក្នុងទឹកប្រាក់ជាង៧លានដុល្លារអាមេរិក។

យោងតាមគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនទាំង៤ ដែលបានអនុញ្ញាតចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ មានក្រុមហ៊ុនអនុវត្តលើគម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក កេសកាតុង ស្លាកសញ្ញាសម្លៀកបំពាក់ និងបោះពុម្ភ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៣,៥៦លានដុល្លារអាមេរិក និង​អាចបង្កើតការងារបានចំនួន៤៧៦កន្លែង។

ក្រុមហ៊ុន អនុវត្តលើគម្រោងបង្កើតរោងចក្រផលិតបំពង់ទីបដែកអ៊ីណុក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៥២កន្លែង។

ក្រុមហ៊ុន អនុវត្តលើគម្រោងបង្កើតរោងចក្រផលិតព៉្យាណូកែឆ្នៃ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៣៧៨.២០០ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៥កន្លែង។

ក្រុមហ៊ុន អនុវត្តលើគម្រោងបង្កើតរោងចក្រផលិតសម្ភារៈអេឡិចត្រូនិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ២,១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣២៣កន្លែង។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំទាក់ទាញការវិនិយោគពីបរទេស តាមរយៈការលើកទឹកចិត្តឱ្យវិនិយោគិនបរទេសមានភាគហ៊ុនផ្ទាល់១០០ភាគរយ ដើម្បីបង្កើតការងារក្នុងស្រុក និងចំណូលដល់សេដ្ឋកិច្ចជាតិ ខណៈកម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលទាបទៅកាន់សេដ្ឋកិច្ចដែលមានចំណូល​មធ្យម និងមានបំណងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕