ត្រាំ៖ គ្មានពេលកំណត់ឡើយចំពោះការធ្វើមិនឱ្យមាននុយក្លេអ៊ែររបស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ –ប្រធានាធាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាល ពីថ្ងៃអង្គារថា មិនមានពេលកំណត់ទេ ចំពោះការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយការរៀបចំ ដើម្បីយកត្រឡប់មកវិញនូវការទាមទារពីមុនមក សម្រាប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរភ្លាមៗនោះ។

ការកត់សម្គាល់របស់លោក ត្រាំ បែបនេះបានធ្វើឡើងមួយខែបន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិ- សាស្ត្ររបស់លោក ជាមួយលោក គីម ជុង-អ៊ុន ក្នុងអំឡុងពេលនោះ ដែលមេដឹកនាំកូរ៉េខាងជើង បានប្តេជ្ញាចិត្តថា នឹងធ្វើការងារនេះ ឈានទៅរកការបញ្ចប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក្នុងការប្តូរទៅនឹងការធានាខាងសន្តិសុខ ពីអាមេរិក។

លោក ត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯកិច្ចប្រជុំមួយជាមួយសមាជិកសភានៅសេតវិមានថា យើងមិនមាន ពេលវេលាកំណត់នោះទេ ហើយយើងមិនមានល្បឿនកំណត់ដែរ ។ យើងគ្រាន់តែកំពុងធ្វើកិច្ចការនេះទៅតាម ដំណើរតែប៉ុណ្ណោះ។

លោក ត្រាំ បាននិយាយថា តម្រូវការសម្រាប់កូរ៉េខាងជើងក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនបានធ្វើជា ប្រធានបទដ៏សំខាន់មួយនៃកិច្ចពិភាក្សាគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយប្រធានា -ធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទកន្លងទៅ។

លោកបាននិយាយថា ប្រទេសរុស្ស៊ីបានធានាយើងចំពោះការគាំទ្ររបស់ខ្លួន។ ប្រធានាធិបតីលោក ពូទីន បាននិយាយថា លោកបានព្រមព្រៀងជាមួយខ្ញុំ១០០ភាគរយ ហើយពួកគេនឹងធ្វើអ្វីៗដែលពួកគេមាន ក្នុងការព្យាយាម នឹងធ្វើវាឱ្យចេញជាផ្លែផ្កាឡើង៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )