អត្តពលិក៤ប្រភេទកីឡា ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាសិស្ស និស្សិតអាស៊ាន នៅប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨–ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធ កីឡាសិស្ស និស្សិតកម្ពុជាបានជួបសំណេះសំណាលជាមួយប្រតិភូដឹកនាំគ្រូបង្វឹក កីឡាករ-កីឡាការិនី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡានៃពហុកីឡដ្ឋានជាតិ ដែលត្រូវចូលរួម ក្នុងការប្រកួតកីឡាសិស្ស និស្សិតអាស៊ានលើក ទី១០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការសហព័ន្ធ កីឡាសិស្ស-និស្សិតកម្ពុជា បានបញ្ចាក់ថា ការចេញទៅប្រកួតនេះក្រោមការចំណាយទាំង ស្រុងរបស់ក្រសួងអប់រំយុវជននិងកីឡា ដោយរៀបចំ៤ប្រភេទកីឡា ដូចជាវាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក និងវាយសី។

ឯកឧត្តម ព្រំ ប៊ុណ្ណយី ជានាយកបេសកកម្មសម្រាប់ព្រឹត្តិការណ៍នេះបានឱ្យដឹងដែរថា នេះជាលើកទី៣ហើយ ដែលកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតកីឡាសិស្ស ឆ្នាំ២០១៨នេះ ដែលប្រភេទកីឡាអត្តពលកម្មមានកីឡាករ៤នាក់ កីឡាការិនី៤នាក់ គឺលេងលើវិញ្ញាសារត់បណ្ដាក់បុរស-នារី រត់១០០ និង២០០ ម៉ែត្រ បុរស-នារី។

រត់៤០០ម៉ែត្របុរស រត់១.៥០០ម៉ែត្រ បុរស-នារី និងរត់៣.០០០ម៉ែត្រ។ ប្រភេទកីឡាវាយកូនឃ្លីលើតុ មានកីឡាករ ៤នាក់ និងកីឡាការិនី៣នាក់ត្រូវលេងលើវិញ្ញាសាវាយម្នាក់ទល់ម្នាក់បុរស ២នាក់ទល់២នាក់ បុរស វិញ្ញាសាក្រុមបុរស និងប្រកួតចម្រុះ។

ប្រភេទកីឡាវាយសីមានកីឡាករ៦នាក់ និង កីឡាការិនី៤នាក់ត្រូវប្រកួតលើវិញ្ញាសាវាយគូ វាយទោល និងប្រកួតជាក្រុម ខណៈប្រភេទ កីឡាហែលទឹកបញ្ជូនកីឡាករ៤នាក់ និងកីឡា ការិនី៤នាក់៕

ដោយ ហេង ណាលីន